ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងចក្រ១គ្រឿងរបស់ក្រុមហ៊ុនS.C.Rនិងស្រ្តីម្នាក់តំណាងក្រុមហ៊ុនត្រូវសមត្ថកិច្ចនាំខ្លួន

ចែករំលែក៖

ប៉ោយប៉ែត៖ គ្រឿងចក្រធ្វើផ្លូវ១គ្រឿង របស់ក្រុមហ៊ុនS.C.R និងស្ត្រីតំណាងក្រុមហ៊ុនម្នាក់ ត្រូវបាននគរបាលក្រុងប៉ោយប៉ែត នាំយកទៅអធិការដ្ឋាននគរបាល តាមបញ្ជាលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ដោយសារសង្ស័យថា អភិវឌ្ឍន៍ផ្លូវឲ្យពលរដ្ឋមិនទាន់រួចរាល់។

ហេតុការណ៍ឃាត់គ្រឿងចក្រនេះ ធ្វើឡើងនៅ ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ការឃាត់គ្រឿងចក្រនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកអភិបាលក្រុងប៉ោយប៉ែត ដោយមានពាក្យបណ្ដឹងរបស់ពលរដ្ឋក្នុងភូមិ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះស្រ្តីម្នាក់ដែលសមត្ថកិច្ចនាំខ្លួនទៅអធិការក្រុងប៉ោយប៉ែតដើម្បីសួរនាំពាក់ពន្ធប្រមាថសមត្ថកិច្ចថា ជាចោរដែលកម្លាំងសត្ថកិច្ចឈរត្រួតពិនិត្យគ្រឿងចក្រ។

លោកស៊ឹម ចាន់មករា ប្រធានក្រុមហ៊ុនS.C.Rប្រាប់តាមទូរស័ព្ទថា ក្រុមហ៊ុនលោកមានគ្រឿងចក្រច្រើន កំពុងអភិវឌ្ឍន៍នៅក្នុងក្រុងប៉ោយប៉ែត នៅឡើយ។

លោកបន្តថា គេជួលគ្រឿងចក្រលោកតែ១គ្រឿងទេ ទៅឈូសឆាយដីពុះល្វែង១កន្លែងនៅខេត្តស្វាយរៀង តែកំពុងរៀបចំដឹកចេញ ស្រាប់តែត្រូវសមត្ថកិច្ចឃាត់។

លោកសំណូមពរថា បើសមត្ថកិច្ចឃាត់គ្រឿងចក្រមិនឲ្យដឹកចេញក៏មិនអីដែរ តែសុំយកគ្រឿងចក្រនោះចូលការដ្ឋានវិញ ហើយបើមានពលរដ្ឋណាតវ៉ាថា ខាងក្រុមហ៊ុនលោកមិនទាន់អភិវឌ្ឍន៍ផ្លូវនៅកន្លែងណា សូមឲ្យជួយប្រាប់លោកពីទីតាំងនោះផង លោកនឹងឲ្យក្រុមការងារចុះទៅធ្វើភ្លាមជៀសវាងរងការចោទប្រកាន់។

ដោយឡែកលោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា ការឃាត់គ្រឿងចក្រនេះ គឺបន្ទាប់ពីមានបណ្តឹងពីពលរដ្ឋទៅសាលាក្រុងចោទថា ក្រុមហ៊ុនខាងលើបានចូកកាយយកលូតាមផ្ទះ ពលរដ្ឋមួយចំនួន ដោយមិនជួបប្រជុំដោះស្រាយជាមួយពលរដ្ឋសិន ហើយកន្លែងខ្លះ យកប្រាក់ពីពលរដ្ឋហើយ តែមិនទាន់មានការអភិវឌ្ឍន៍ជូនពលរដ្ឋជាដើម។

លោកបន្តថា គ្រឿងចក្រដែលឃាត់នេះ គឺនឹងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ហើយថា បើក្រុមហ៊ុនចង់យកគ្រឿងចក្រទៅបន្តការងារវិញ ដរាបណាមានប្រាក់ទៅដាក់តម្កល់នៅសាលាក្រុង់ ទើបអនុញ្ញាត ព្រោះខ្លាចក្រុមហ៊ុននោះ ដឹកគ្រឿងចក្រចេញអស់មិនបានធ្វើជូនពលរដ្ឋ ដូច្នេះពលរដ្ឋជាអ្នករងគ្រោះ៕ វណ្ណា


ចែករំលែក៖