ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករសប្បាយចិត្តខណៈស្រូវហក់ឡើងថ្លៃបន្តិចនៅស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាកសិករនៅភូមិអូរឃុំថ្មីស្រុកកំពង់រោទិ៍ មានការមមាញឹកក្នុងការប្រមូលផលស្រូវប្រាំង និងវស្សារ ដោយមានការច្រូតកាត់ដោយដៃ និងម៉ាស៊ីននៅចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨នេះ មានអ្នកខ្លះកំពុងសាបពង្រោះបណ្តេញទឹកបន្តទៀត បន្ទាប់ពីតំលៃស្រូវហក់ឡើងបានមួយកម្រិត។

លោកពូ ប្រាំង អាយុ៥៨ឆ្នាំ មុខរបរកសិករ ដែលមានទីលំនៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋក្នុងភូមិគាត់នៅទីនេះ៩៩ភាគរយ ដែលជាប្រជាកសិករសុទ្ធសាធ ព្រោះដីស្រែតំបន់នេះ ជាកន្លែងកសិកម្ម អាចទាញផលចំណេញបានគួរសមក្នុងការធ្វើស្រែ១រដូវៗ។

ប្រភពបន្តថា នៅទីនេះក្នុង១ឆ្នាំ អាចធ្វើស្រែបាន៣ដង ហើយក្នុងម្តងៗក្នុង១ហិកតា បានផលចាប់៦តោនទៅ៨តោន និងអាចមានចំណេញបានខ្លះ ចំពោះស្រូវស្រែសម្រាប់ឆ្នាំនេះ ពុំសូវបានផលទេ ព្រោះដើមឆ្នាំ មេឃមិនអំណោយផលទឹកភ្លៀង ហើយរាំងចុងរដូវ ដល់រដូវស្រូវចេញទើបភ្លៀងបុកហក់ឡើងយ៉ាងកំហុក ធ្វើឲ្យស្រូវដួលរណេករណូល ហើយលិចទឹកធ្វើឲ្យពិបាកច្រូតកាត់ និងនៅតំបន់ខ្លះរាំងស្ងួតងាប់ស្រូវអស់មួយចំនួនទៀតផង។

លោកក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នប្រជាកសិករនៅទីនេះ ខ្លះកំពុងច្រូត ខ្លះកំពុងភ្ជួររាស់សាបព្រោះប្រដេញទឹកបន្តវគ្គទី២ទៀត ដោយប្រើពូជស្រូវអីអ៊ែររយៈពេលតែ៨៥ថ្ងៃ បានទទួលផលម្តងទៀត ហើយនៅក្នុងការសាបពង្រោះម្តងៗ ដោយប្រើជី និងថ្នាំទៅតាមប្រភេទដីក្នុងមួយហិកតាៗ ដាក់ជីពីរ៨បាវទៅ១០បាវ និងបាញ់ថ្នាំការពារសត្វល្អិតរហូតដល់ស្រូវទំុផងដែរ។

សូមបញ្ជាក់ថា ប្រជាកសិកររស់នៅខាងតំបន់ភូមិជុបព្រីង និងព្រៃវល្លិ៍នេះ មិនពិបាកក្នុងការលក់ស្រូវនោះទេ ព្រោះមានឈ្មួញកណ្តាលនិងឈ្មួញវៀតណាមចុះមកទិញដល់ក្នុងស្រែហើយបានតំលៃក្នុង១គីឡូក្រាម តម្លៃ៨០០ទៅ៩០០រៀល ហើយដោយមិនពិបាកលក់ដូចពីមុនទេ បើគឹតពីផលចំណេញ អាស្រ័យផលទៅលើបងប្អូនមានដីតិច ឬច្រើនប៉ុណ្ណោះ ៕ យឹម សុថាន


ចែករំលែក៖