ខេត្តស្វាយរៀង៖ យុវជនសិស្សសាលា៣នាក់ បានរងរបួសធ្ងន់ ស្រាលដោយសារតែករណីមានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបត់ឆ្វេងមិនប្រយត្ន័ក៏ត្រូវរថយន្តបើកស្របគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកផ្ទប់និងកញ្ចក់ពេញទំហឺងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរកាលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១ និង១០នាទីព្រឹក នៅចំណុចលើផ្លូវជាតិលេខ១ ចំណុចគីឡូម៉ែត្រលេខ១៣៦និង១៣៧ស្ថិតក្នុងភូមិប្រសូត១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យអ្នកកាសែតនគរវត្តដឹងថា ភាគីខាងម៉ូតូមានឈ្មោះ រី រម្យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិកោះឫស្សី ឃុំទួលស្តី ស្រុកចន្ទ្រាអ្នករួមដំណើរ ឈ្មោះ ប៉ុល ដន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ ជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប និងឈ្មោះ យែម គុម្ភះ ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ សិស្ស មានលំនៅភូមិ ព្រៃស្នៀត ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ដោយអ្នកទាំង៣ជិះម៉ូតូម៉ាកម៉ាកហុងដា វ៉េវ ពណ៌ ស ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្ត ទូរីស ១២កៅអី ពណ៌ផ្ទៃមេឃ ស្លាកលេខ ខេត្តព្រះសីហនុ ២A១៧៤០ មានឈ្មោះ មុំ តូ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានសិស្សសាលា៣នាក់ បានជិះម៉ូតូមួយគ្រឿង ដោយធ្វើដំណើរពីកើតមកលិច លើកំណាត់ផ្លូវជាតិលេខ១ហើយក៏បានបត់ឆ្វេងមិនប្រយត្ន័ ស្រាប់តែមានរថយន្តទួរីស មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេងពេញទំហឺងតែម្ដង។
ក្រោយមក អ្នករងរបួសទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប និងវាស់វែងព្រមទាំងអូសមធ្យោបាយទាំង២គ្រឿង មកនគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងកសាងសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន