ព័ត៌មានទាន់ហេតុការណ៍៖

ថៃចាប់ខ្លួនពលរដ្ឋខ្មែរ៣នាក់ដកហូតឈើគ្រញូងជិត២០០ដុំ

ចែករំលែក៖

ប្រទេសថៃ៖ ពលករខ្មែរ៣នាក់ក្នុង ចំណោមបក្ខពួកសរុបជាង២០នាក់ត្រូវ បានសមត្ថកិច្ច និងកម្លាំងជំនាញរដ្ឋបាល ព្រៃឈើថៃចាប់ខ្លួនរួមជាមួយនឹងឈើ គ្រញូងចំនួន១៧២ដុំ។ ខណៈពួកគេបាន លបលួចចូលទៅក្នុងតំបន់ឧទ្យានជាតិ ដែលជាតំបន់ហាមឃាត់ ដើម្បីកាប់ឈើ គ្រញូង។

ការឃាត់ខ្លួនពលករខ្មែរទាំង៣នាក់ នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចចុងភូមិ តាលីងឆាន់ ឃុំចរ៉ាខេហិន ស្រុកខនបុរី ខេត្តនគររាជសីមា ប្រទេសថៃ ដែលឈើ គ្រញូងទាំងនេះ ទើបតែនាំចេញពីព្រៃ ឧទ្យានជាតិថាប់ឡាន ដែលជាព្រៃអភិរក្ស។

ប្រតិបត្តិការនេះតម្រួត និងកម្លាំង ជំនាញថៃបានដកហូតឈើគ្រញូងសរុប ចំនួន១៧២ដុំ ដែលគេចងរួចជាស្រេច និងដាក់ចូលទៅក្នុងសាកាដូងាយស្រួលស្ពាយពីក្រោយខ្នង។ បើសរុបជាទឹកប្រាក់ប្រមាណ ជាង២លានបាតរួមជាមួយនឹងរណារយន្ត ចំនួន៣គ្រឿងផងដែរ។

ពលករខ្មែរម្នាក់បានសារភាពថា ពួកគេ ត្រូវបានមេខ្យល់នាំផ្លូវចូលទៅក្នុងព្រៃនេះ សរុបចំនួន២០នាក់ ឯក្រុមមួយទៀតជា ក្រុមកាប់ឈើមានគ្នាប្រមាណជាង១០០ នាក់ដោយរូបគេទទួលបានប្រាក់កម្រៃក្នុង មួយជើងចំនួន៥.០០០បាត ហើយពេល នេះពួកគេមួយចំនួនទៀតបានរត់គេចខ្លួន ចូលទៅក្នុងព្រៃអស់ហើយ ។

បច្ចុប្បន្នកម្លាំងជំនាញថៃបាននាំខ្លួន ជនសង្ស័យទាំង៣នាក់ទៅសាកសួរបន្ត ដោយឡែកវត្ថុតាងទាំងអស់ត្រូវបានដឹក យកទៅរក្សាទុកនៅទីតាំងឧទ្យានជាតិ ថាប់ឡាន ទី៣ក្នុងភូមិសាស្ត្រភូមិខ្លង ណាំម៉ាន់ ឃុំគោកក្រាក់ឆាយ ស្រុកខនបុរី ខេត្តនគររាជសីមា។

គួររំលឹកដែរថា កន្លងមកមានមេខ្យល់ មួយចំនួនបាននាំពលករសរុបប្រមាណ ៣០០នាក់មកលែងចោលក្នុងព្រៃនេះ ​ ដើម្បីឲ្យកាប់ឈើគ្រញូងរហូតធ្វើឲ្យពួកគេ ដាច់បាយដាច់ទឹក និងត្រូវបោះបង់ការងារ នេះចេញមកអំពាវនាវសុំឲ្យភាគីថៃជួយ អន្តរាគមន៍ផងដែរ៕ ហេង នរិន្ទ្រ


ចែករំលែក៖