ខេត្តស្វាយរៀង៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានលើកឡើងថា ដោយសារស្មារតីចងចាំគុណបំណាច់ដ៏ធំធេងនៃថ្ងៃជ័យជម្នះ ៧ មករា នេះហើយ បានប្រែក្លាយជាស្មារតីប្រវត្តិសាស្ត្រ នៃការរំដោះជាតិ ទៅជាកម្លាំងដ៏រឹងមាំ ស្ថិតស្ថេរក្នុងការកសាង និងការពារជាតិមាតុភូមិ។ លោកស្រី បានថ្លែងដូចនេះក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៨ ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង៤,០០០នាក់ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងសាលាខេត្តស្វាយរៀង។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអានសន្ទរកថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដោយបានរំលឹកថា «ដោយសារស្មារតីចងចាំគុណបំណាច់ដ៏ធំធេងនៃថ្ងៃជ័យជម្នះ ៧ មករា នេះហើយបានប្រែក្លាយជាស្មារតីប្រវត្តិសាស្ត្រនៃការរំដោះជាតិនេះ ទៅជាកម្លាំងដ៏រឹងមាំស្ថិតស្ថេរក្នុងការកសាង និងការពារជាតិមាតុភូមិ»។ លោកស្រីបន្តថា ផ្អែកទៅលើមូលដ្ឋានមហាជ័យជម្នះនេះហើយ ទើបប្រជាជនកម្ពុជាទូទាំងប្រទេសមានអ្វីៗនៅថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ទោះបីរយៈពេលជាង៣៩ឆ្នាំ បានកន្លងផុតទៅហើយក្តី ប្រជាពលរដ្ឋកម្ពុជានៅតែចងចាំមិនអាចបំភ្លេចបានឡើយ នូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ប្រជាជាតិ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចប្រវត្តិសាស្ត្រមនុស្សជាតិ។
លោកស្រី ម៉ែន សំអន បានបន្ថែមថា ថ្ងៃជ័យជម្នះ ៧មករា ជាថ្ងៃកំណើតទី២ និងបានប្រែក្លាយប្រទេសពីចំណុចសូន្យឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕