ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងមានស្នាមរបួសសោះខ្លួនបន្ទាប់ពីត្រូវបានក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិតដែកឆាបព្រួតកាប់ចាក់កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូល ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះវេលាម៉ោង៦ព្រឹក ទើបបងប្អូនជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង។
ជនរងគ្រោះ ឈ្មោះប៉ុន ធឿនធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង១រំលងអធ្រាត្រ គេបានឃើញជនរងគ្រោះរត់បណ្តើរ ស្រែកបណ្តើរឲ្យជួយ ដោយមានក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិត និងដែកឆាបដេញកាប់ចាក់មកពីក្រោយ ខណៈរត់មកមុខផ្ទះក្រុមក្មេងស្ទាវចាប់បានកាប់ និងចាក់ជាច្រើនកន្លែងបណ្តាលឲ្យរងរបួសពេញខ្លួនភ្លាមនោះពុំមានអ្នកណាហ៊ានចូលទៅជួយនោះទេ។
សាក្សីដដែលបានបន្តថា បន្ទាប់មកក្រុមក្មេងស្ទាវបានរត់គេចខ្លួនអស់ហើយបងប្អូនជនរងគ្រោះ ក៏បាននាំជនរងគ្រោះទៅមន្ទីរពេទ្យ លុះពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូរពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ទើបដឹកជនរងគ្រោះមកផ្ទះវិញរហូតដល់វេលាម៉ោង៦ព្រឹក ទើបរាយការណ៍មកសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង រួចប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ