ភ្នំពេញ ៖ ស្រីស្អាត២នាក់កំពុងឈរនិយាយគ្នាលេងនៅមុខបន្ទប់ ស្រាប់តែមានបុរសម្នាក់ដើរមកឱប និងច្របាច់ហើយគេចខ្លួនបាត់ បង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះមានឈ្មោះ ស.ភ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនកើតហេតុគេឃើញនារីរងគ្រោះ និងមិត្តភក្តិជួលបន្ទប់ជិតគ្នាបានឈរលេងនៅមុខបន្ទប់ជួលជាន់ទី២ បន្តិចក្រោយមកស្រាប់តែលេចមុខបុរសម្នាក់ជាជនសង្ស័យដែលទើបនឹងស្គាល់គ្នាជាមួយនារីម្នាក់នៅបន្ទប់ជិតនារីរងគ្រោះ ។ ខណៈពេលនារីរងគ្រោះកំពុងតែឈរលេងជាមួយមិត្តភក្តិ ស្រាប់តែជនសង្ស័យបានដើរសំដៅទៅនារីរងគ្រោះរួចចាប់ឱប និងច្របាច់តែម្តង។
ភ្លាមៗនោះដែរ នាងបានទូរស័ព្ទហៅបុរសជាគូដណ្តឹងមកដល់ ដឹកទៅប្តឹងសមត្ថកិច្ច តែជនបង្កគេចខ្លួនបាត់ទៅហើយ ។
ចំណែកនារីដែលជាមិត្តភក្កិរបស់ជនបង្កបានឲ្យដឹងថា ពួកគេទើបនឹងស្គាល់គ្នាបានពីរថ្ងៃ ប៉ុណ្ណោះ មិនបានស្គាល់ច្បាស់លាស់ទេ ៕ សុខាសែនជ័យ