ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន២៧នាក់រួមទាំងដាវកែច្នៃចំនួន២ដើម រួមទាំងម៉ូតូចំនួន១៣គ្រឿងត្រូវបាន
កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ជិះល្បាតក្នុងមូលដ្ឋាន និងបានឃាត់ខ្លួន កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ តាមបណ្តោយ២០១១ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចបានជិះល្បាតក្នុងមូលដ្ឋាន ដោយមានកាបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌដើម្បីកាត់បន្ថយ និងទប់ស្កាត់បទល្មើស និងក្នុងមូលដ្ឋានដែលកើតឡើង។
លុះជិះមកដល់ត្រង់ចំណុចកើតហេតុ ក៏ប្រទះឃើញក្រុមក្មេងទំនើងចំនួន២៧នាក់ខាងលើ កំពុងឈរពពាក់ពពូននៅត្រង់ចំណុចកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចមានការសង្ស័យ ក៏ឃាត់ដើម្បីឆែកឆេរ ខណៈនោះក៏ប្រទះឃើញដាវមួយដើមនៅលើម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-0787 និងដាវមួយដើមទៀតនៅលើម៉ូតូមួយគ្រឿងទៀតម៉ាក ZOOMER-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DO-4585 ហើយកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនក្មេងទំនើរចំនួន២៧នាក់រួមទាំងដកហូតម៉ូតូចំនួន១៣គ្រឿងភ្លាមៗតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២៧នាក់ ខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកសាកសួរនាំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំឪពុកម្តាយមកធានាយកទៅធ្វើការអប់រំ ៕ សុខាសែនជ័យ