ប៉ោយប៉ែត៖ ស្រ្តីខ្មែរមានផ្ទៃពោះ៨ខែ ស៊ីឈ្នួលកាប់អំពៅឈឺពោះ ត្រូវបានម្ចាស់ចំការ ទូរសព្ទ័រាយការណ៍ទៅ មណ្ឌលសុខភាព”ថាប់ព្រិក”មកជួយបង្កើតកូនដោយសុវត្ថិភាព ទាំងម្ដាយទាំងកូនស្រី មានទម្ងន់២.៥០០ក្រាម ដាក់ឈ្មោះថា:អាសី។
ករណីនេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង១៥នាទី ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨ នៅបរិវេណចំការអំពៅ ក្នុងភូមិខ្លងវ៉ា ឃុំថាប់ព្រិក ស្រុសអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនកម្ពុជា-ថៃ ។
មុនកើតហេតុ ស្រ្តីកម្មករជនជាតិខ្មែរ ដែលមានផ្ទៃពោះ៨ខែ ស៊ីឈ្នួលកាប់អំពៅជាមួយប្តី ស្រាប់តែឈឺពោះ មួយរំពេច ម្ចាស់ចំការក៏បានទូរសព្ទ័ទៅប្រធានមណ្ឌលសុខភាព ថាប់ព្រិក ដែលកំពង់ដាំដើមឈើ ក្នងចំការក្បែរនោះ បានទៅយកឧបករណ៍បង្កើតកូន ហើយប្រញាប់ប្រញាល់ ធ្វើដំណើរទៅជួយបង្កើតកូនភ្លាមៗ។
ចំណុចបង្កើតកូននៅក្រោមដើមឫស្សី ក្នុងចំការឫស្សី ។ ទារកដែលកើតមក ភេទស្រី មានទម្ងន់២.៥០០ក្រាម ឪពុក-ម្ដាយដាក់ឈ្មោះថា: អាសី ក្រោយមកបានបញ្ជូនមក មណ្ឌលសុខភាពថាប់ព្រិក ដើម្បីថែរក្សាព្យាបាល ទាំងម្ដាយនឹងកូន នឹងទាក់ទងមន្រ្តីជុំនាញ បញ្ជូនមកកម្ពុជាវិញ។
សូមបញ្ជាក់ផងដែរថា: កាលពីប៉ុន្មានឆ្នាំមុន មណ្ឌលសុខភាពខាងលើ ក៏ធ្លាប់បានបង្កើតកូននូវព្រឹកថ្ងៃមួយ ខណៈដែលមានរថយន្តកំពុងដឹកកម្មករខ្មែរ ទៅកាប់អំពៅ ហើយក៏មានស្រ្តីខ្មែរម្នាក់ ដែលមានផ្ទៃពោះជិតគ្រប់ខែ ចាប់ផ្ដើមឈឺពោះភ្លាមៗ ទើបអ្នកបើកបររថយន្ត នាំមកមណ្ឌលសុខភាពថាប់ព្រិក មុននឹងទូរសព្ទ័ទៅប្រធានមណ្ឌលសុខភាព និងអាជ្ញាធរឲ្យមកជួយគ្នាបង្កើតកូនផងដែរ៕ វណ្ណា