ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែងក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងសម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត។ ដោយឡែកអ្នកញៀនល្បែងស៊ីសងចំនួន៤នាក់ ក្នុងនោះស្ត្រីម្នាក់ដែលជាអ្នកមើលការខុសត្រូវម្នាក់ ហើយត្រូវបាននាំយកទៅអប់រំណែនាំផងដែរ ។
ករណី ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ដុះស្លែងមួយនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ បានឲ្យដឹងថា ហើយមុននិងឈានដល់ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ជាលទ្ធផលដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងសម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត។ ចំណែកអ្នកញៀនល្បែងស៊ីសងចំនួន៤នាក់ និងស្ត្រីម្នាក់ដែលជាអ្នកមើលការខុសត្រូវម្នាក់ ហើយត្រូវបាននាំយកទៅអប់រំណែនាំ នៅឯសាលាខណ្ឌមានជ័យ។
គួរបញ្ជាក់ផងដែរថា កន្លងមកលោកអភិបាលខណ្ឌមានជ័យ ក៏បានដាក់បញ្ជាយ៉ាងដាច់អហង្កាកាលពីដើមខែធ្នូ ២០១៧កន្លងមកនេះ ដល់អភិបាលរង ដែលទទួលបន្ទុក អធិការ មេបញ្ជាការ នឹងចៅសង្កាត់ នាយប៉ុស្តិ៍ ត្រូវសហការគ្នាបង្ក្រាបឲ្យ អស់នូវល្បែងស៊ីសង ថ្នាក់ក្រោមធ្វើមិនបាន ឬមិនហ៊ានចូលបង្ក្រាប ត្រូវធ្វើរបាយការណ៍ នឹងរាយការណ៍ជូនថ្នាក់ លើ ដើម្បីមានវិធា នការបន្ត ដោយពិនិត្យ និងទទួលផែនការ ការងារសន្តិសុខសណ្តាប់ធ្នាប់ ដែលលោកបានដាក់ចេញឲ្យអនុវត្តន៍កន្លងមក ពិសេសលើការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានខណ្ឌមានជ័យឲ្យអស់ ចាប់ពីពេលនេះទៅ ថ្ងៃខាងមុខ គឺមិនត្រូវរក្សាទុក ឬធ្វើមិនដឹងអំពីបនល្បែង ផ្សេងៗមាននៅក្នុងមូលដ្ឋានអស់លោកទៀតទេ! ហើយបើមិនធ្វើ! មានគេធ្វើជំនួសអស់លោក។
លោកអភិបាលខណ្ឌ ក៏សូមស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
ក្រោយចុះបង្ក្រាប វត្ថុតាងដែលដកហូតបានខាងលើនេះ ត្រូវសមត្ថកិច្ចដឹកបញ្ចូនទៅរក្សាទុក នៅសាលាខណ្ឌមានជ័យ ដើម្បីធ្វើពីធីវាយ កម្ទេចចោលនាពេលក្រោយ ៕ ស តារា