ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌទួលគោកចាប់ផ្តើមស្តាលូដោយឡែកខណ្ឌ៣ទៀតមិនទាន់ចាប់ផ្តើមទេក្នុងថ្ងៃយុទ្ធនាការលើកដំបូងនេះទេ

ចែករំលែក៖

ភ្នំពេញ៖ ខណ្ឌទួលគោក ចាប់ផ្តើមអនុវត្តនៃការស្តាលូរហើយនៅថ្ងៃនេះ តែដោយឡែកខណ្ឌចំនួន៣ផ្សេងទៀតជាខណ្ឌដែលនៅចំកណ្តាលរាជធានីភ្នំពេញ មិនទាន់ចាប់ផ្តើមអនុវត្តការស្តាលូនោះទេ នៅថ្ងៃយុទ្ធនាការស្តាលូជាលើកដំបូងនេះ។

នៅថ្ងៃអង្គា ៨រោច ខែបុស្ស ឆ្នាំរកា នពវស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី៩ ខែមករានេះ ក្នុងទឹកដីខណ្ឌទួលគោក គឺមានមន្រ្តីមន្ទីរសាធារណៈការនិងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមន្រ្តីខណ្ឌ ចាប់ផ្តើមស្តាលូ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានអោយដឹងថា៖ នៅទឹកដីខណ្ឌទួលគោកថ្ងៃនេះគឺចាប់ផ្តើមស្តាលូនៅផ្លូវចំនួនពីរខ្សែ គឺតាមបណ្តោយ ផ្លូវកម្ពុជាក្រោម នឹងផ្លូវផ្សារមាន់អាំង ដោយអោយមន្រ្តីជំនាញខណ្ឌចុះសហការជាមួយមន្រ្តីជំនាញស្តាលូរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូន ។

លោកបានបញ្ជាក់អោយដឹងទៀតថា៖ នៅថ្ងៃស្អែកទី១០ ខែមករា ឆ្នាំ២០១៧ មន្រ្តីរបស់ខណ្ឌទួលគោកទាំងអស់ នឹងចុះតាមគោលដៅដែលបានកំណត់ដើម្បីធ្វើការស្តាលូ អោយបានរួចរាល់មុន រដូវវស្សាមកដល់។ លោក ឯក ឃុនឌឿន មានប្រសាសន៍ថា យុទ្ធនាការស្តាលូនិងប្រឡាយ គឺអនុវត្តទៅតាមគម្រោងផែនការរបស់ លោក អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានដាក់ចេញកាលពីពេលថ្មីៗកន្លងទៅនេះធ្វើយ៉ាងម៉េចដើម្បីដោះស្រាយ បញ្ហាទឹកដែលកន្លងមក មានការជន់លិចដោយជំនន់ទឹកភ្លៀង ។

លោក កេ ប៊ុននាង ប្រធានក្រុមទី៤ ក្រុមការងារស្តាលូ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អោយដឹងថា៖ ថ្ងៃនេះមន្រ្តីជំនាញធ្វើការស្តាលូផ្លូវចំនួន២ខ្សែ ក្នុងខណ្ឌទួលគោក ដោយមានផ្លូវកម្ពុជាក្រោម ចាប់ពីគល់ស្ពាន៧មករា ទៅដល់ផ្លូវព្រះមុន្នីវង្ស ចំណែកផ្លូវទី២ គឺផ្លូវផ្សារមាន់អាំង ពីផ្លូវលេខ៥៩៨ ទៅដល់ ផ្សារទីខេ ។ លោកបន្តថា៖ ស្ថានភាពលូបច្ចុប្បន្ន ឃើញថា នៅចំណុចខ្លះមានដី និងកាកសមណល់ស្ទះពេញលូតែម្តង និងចណុចខ្លះទៀត គឺមានដីនិងកាកសំណល់ ពាក់កណ្តាលលូ។ ទាក់ទិនទៅនឹងការស្តាលូនេះ លោកថា គឺមានរថយន្តសំរាប់ដឹកកាកសំណល់ចេញដែរ ដោយយកកាកសំណល់ក្នុងលូ ច្រកចូលបាវ រួចដឹកចេញ គឺមិនបានដាក់ដី ឬកាកសំណល់នៅក្បែរមាត់លូទេ។

យុទ្ធនាការស្តាលូនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីពេលកន្លងទៅថា រដ្ឋបាលសាលារាជធានីភ្នំពេញ គឺប្រគល់ភារៈកិច្ចជូនទៅរដ្ឋបាលខណ្ឌទាំង៤ខាងលើ ដោយអនុវត្តតាមវិមជ្ជកាថ្នាក់ក្រោមជាតិ គឺប្រគល់សិទ្ធិ និងប្រគល់ថវិកា អោយទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏មិនប្រលែងដៃចោលនោះទេ គឺនៅតាមដាននិងផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិនបើមានការខ្វះខាត។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនឹងដឹងជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងថា ចំពោះការស្តាលូជាង៤៦០គីឡូម៉ែត្រនេះសំរាប់ខណ្ឌទាំង៤នេះ គឺសរុបមានចំនួន៦៤ខ្សែ គឺខណ្ឌដូនពេញមានប្រវែង២៤,៣៩០ម៉ែត្រ, ខណ្ឌចំការមនមានប្រវែង២៨,០៦៨ម៉ែត្រ, ខណ្ឌទួលគោកមានប្រវែង២៨,៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០,៨១៤ ម៉ែត្រ។

លោកបានបញ្ជាក់អោយដឹងថា ចំពោះការស្តាលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តាលូ គឺមានរថយន្តសំរាប់បូមទឹកចំនួន៤គ្រឿ រថយន្តបាញ់ទឹកបំបែកដីភក់ចំនួន៤គ្រឿង រថយន្តដឹកដីចំនួន៤គ្រឿង និងកម្មករចំនួន៥០នាក់។ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ខាងមុខ ដោយប្រើរយៈពេល៧ខែអោយរួចរាល់ទូទាំង៤ខណ្ឌ៕ សំរិត


ចែករំលែក៖