ខេត្តសៀមរាប៖ ផ្ទះលោកឧត្តមសេនីយ៍ផ្កាយ១ ទា ប្រាណា អាយុ៥២ឆ្នាំ មុខរបរយោធា ម្នាក់ ត្រូវបានភ្លើងឆេះអស់១បន្ទប់ សំណាងល្អ មិនមានមនុស្សរងរបួសឬ រាលដាលដល់ផ្ទះ ដល់ផ្សារដែលនៅជិតនោះឡើយ ហេតុការណ៍នេះបានកើតឡើងនៅផ្សារដើមក្រឡាញ់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៨ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
តាមការឲ្យដឹងពីសមត្ថកិច្ច និងពលរដ្ឋអ្នកជិតខាងបានជួយយកបំពង់ពន្លត់អគ្គិភ័យ ចំនួន៤ធុង មកពន្លត់ទើបអាចគ្រប់គ្រងបានទាំងស្រុង មិនចាំបាច់ឡានទឹកមកទាន់ទេ ម្ចាស់ផ្ទះដែលភ្លើងឆេះនោះមានឈ្មោះ ទា ប្រា ណា អាយុ៥២ឆ្នាំ មុខរបរយោធា មុខងារ ឧត្តមសេនីយ៍ត្រី រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង ទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបានប្រាប់ថា ក្រោយពីទទួលព័ត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់គោកចក រួចមក ទើបលោកបានបញ្ជាឲ្យកម្លាំងការិយាល័យ ពន្លត់អគ្គិភ័យរបស់នគរបាលខេត្ត ចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ដើម្បី ជួយពន្លត់ ដោយសារ ត្រូវបានបងប្អូនប្រជាពលរដ្ឋសហការគ្នាបានល្អ ជួយយកបំពង់ពន្លត់អគ្គិភ័យចំនួន៤បំពង់ទៅជួយពន្លត់ ទើបធ្វើឲ្យភ្លើងដែលឆេះនៅក្នុងបន្ទប់នោះត្រូវបានរលត់បាត់អស់ទាំងស្រុង នៅម៉ោង៨និង៣០នាទីព្រឹងតែម្តង ។
មូលហេតុដែលបណ្តាលឲ្យភ្លើងឆេះនោះ គឺបណ្តាលមកពីដោត ឌុយទូរស័ព្ទទុកចោលនៅលើក្បាល ដំណេក ក្នុងបន្ទប់ ប្រហែលមកពីវាក្តៅ ទើបឆេះធ្លាក់កំទេចផ្កាភ្លើង មកលើពូគ ហើយរាលដាលដល់ ខ្នើយ កង្ហា ខ្មៅពេញបន្ទប់តែម្តង លោកបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលខូចខាតនោះមាន៖ ពួក ខ្នើយ កង្ហា និង សម្ភារៈមួយចំនួននៅក្នុងបន្ទប់ទាំងអស់នោះ ពុំបានយកចេញទាន់នោះទេ៕ ប៊ុនរិទ្ធី