ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូដឹកកូនទៅរៀនទាក់ដៃចង្កូតជាមួយរថយន្តក្រុងដួល បណ្ដាលឲ្យរថយន្តកិនចំក្បាលស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ លោកគ្រូបង្រៀនម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យព្រះកេតុមាលា និងកូនប្រុសអាយុ១១ឆ្នាំម្នាក់ បានរងរបួសស្រាល ខណៈដែលគាត់បានបើកម៉ូតូដឹកកូនទៅសាលារៀន ក៏ទាក់ដៃចង្កូតជាមួយរថយន្តក្រុងបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលដោយគាត់ពាក់មួកការពារសុវត្ថិភាពបណ្ដាលឲ្យបែកនិងរបួសធ្ងន់រហូតដល់ស្លាប់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១០ ខែបុស្ស ឆ្នាំរកា ពស២៥៦១ ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោយមន្ទីរពេទ្យព្រះកេតុមាលា លើផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សាកសពឈ្មោះខឹម ចាន់ដារា ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរគ្រូបង្រៀន (បានស្លាប់នៅមុន្ទីពេទ្យព្រះកេតុមាលា)ជិះម៉ូតូ ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ1GB-4994ភ្នំពេញ ។ ចំណែករថយន្ដបង្កប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ២៥កៅអី ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ3D.9578 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ(ជាសព)បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៍ស ដឹកកូនប្រុសម្នាក់មានអាយុ១១ឆ្នាំ គោលបំណងទៅរៀននៅសាលាចតុមុខ ដោយធ្វើដំណើរតាមផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតជាមួយរថយន្តក្រុងដឹកអ្នកដំណើរ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំពីលើក្បាលដែលគាត់ពាក់មួកការពារផងដែរនោះ បណ្ដាលឲ្យបែកមួករងរបួសធ្ងន់ ។ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរដែលបានឃើញហេតុការណ៍ក៏នាំគ្នាជួយលើកជនរងគ្រោះចូលទៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីសង្គ្រោះបន្ទាន់តែពេលទៅដល់ក្រុមគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានប្រគល់ឲ្យនគរបាលចរាចរណ៏ក្រុងវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សារទុកនៅការិយាល័យ ដើម្បីដោះស្រាយតាមច្បាប់ រីឯអ្នកបើករថយន្ដបានរត់គេចខ្លួនបាត់ សពជនរងគ្រោះត្រូវបានក្រុមគ្រួសាយកទៅធ្វើបុណ្យនៅស្រុកកំណើត៕ស តារា


ចែករំលែក៖