ព័ត៌មានទាន់ហេតុការណ៍៖

ជន​ជាតិ​ចិន​២នាក់​បើក​រថយន្តបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈដែលជិះម៉ូតូឌុបគ្នាហើយត្រូវបានបុរសជនជាតិចិន ២នាក់ស្រវឹងស្រាបើករថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

ហេតុ​ការណ៍​នេះ កើតឡើងកាលវេលាម៉ោង១០និង១៥នាទីយប់ ​ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ​ស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខបុរី ប៊ុនហួរ​ក្នុង​ភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ​ជន​រង​គ្រោះ​២នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​WAVEពណ៌ផ្ទៃមេឃលាយស ពាក់ស្លាកលេខភ្នំពេញ1I-6631​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ក្នុងទិសដៅពីត្បូងទៅជើង ។ លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្ក ម៉ាកTUNDRA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2S-3807បើក​បរ​ដោយ​ជន​ជាតិ​ចិន​រេ​ចង្កូត មកផ្នែកខាងឆ្វេងបុកម៉ូតូជនរងគ្រោះចំហៀងផ្នែកខាងឆ្វេងបណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក។​

ភ្លាមៗ​ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅ​ព្យាបាល​ផងដែរ។​ បន្ទាប់ពីជនរងគ្រោះទៅមន្ទីរពេទ្យ​កម្លាំង​នគរបាលប៉ុស្តិ៍ចោមចៅ 2 បានមកអន្តរាគមន៍ នៅកន្លែងកើតហេតុ ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញចរាចរណ៍ ខណ្ឌពោធិ៍​សែនជ័យ ធ្វើការវាស់វែងយកម៉ូតូ និងរថយន្តបង្កខាងលើយកទៅរក្សាទុករង់ចាំការដោះស្រាយ​នៅ​ពេល​ក្រោយ ​៕ សុខាសែនជ័យ


ចែករំលែក៖