ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ ជួយសង្គ្រោះស្ត្រី ខ្មែរឥស្លាមម្រើការងារតាមផ្ទះម្នាក់ទៀតហើយ បន្ទាប់ពីបាត់ខ្លួនជាង១៣ឆ្នាំ នៅអារ៉ាប៊ីសាអូឌីត ព្រោះចេញទៅធ្វើការតាមរយៈក្រុមហ៊ុនមិនស្រប ច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ពលការនីជនជាតិខ្មែរឥស្លាម ម្នាក់ ត្រូវបានសង្គ្រោះឲ្យបានត្រឡប់មកដល់កម្ពុជាវិញនៅ ព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានចាញ់បោកក្រុមហ៊ុនខុសច្បាប់ក្នុងស្រុកមួយបញ្ជូនទៅ បម្រើការងារជាស្រ្តីមេផ្ទះនៅអារ៉ាប៊ីសាអូឌីត ហើយបាត់ដំណឹងសូន្យឈឹង ជាង១៣ឆ្នាំមកហើយ ។

តាមចម្លើយ ឲ្យដឹងពីស្ដ្រី ជនរងគ្រោះ ឈ្មោះ អេង ពៅ អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរឥស្លាមថា៖ ខ្ញុំទៅធ្វើការ នៅប្រទេស អារ៉ាប៊ីសាអូឌីត តាមរយៈក្រុមហ៊ុនរបស់ លោក អះម៉ាត់ យ៉ះយ៉ា អតីត រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា តែឥឡូវលឺថា ត្រូវបាន ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យឲ្យបញ្ចប់តំណែងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅហើយ ។

អ្នកស្រី អេង ពៅ អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយត្រូវបានចាញ់បកក្រុមហ៊ុនមិនស្របច្បាប់ឲ្យទៅបម្រើការងារជាស្រ្តីមេផ្ទះនៅអារ៉ាប៊ីសាអូឌីត តាំងពីឆ្នាំ២០០៤ មកម្លេះ។

តាមការបញ្ជាក់របស់ លោក សាឡុក ម៉ាន អាយុ ៦១ឆ្នាំ ត្រូវជាប្តី បានឲ្យដឹងថា ដើម្បីជួយសង្គ្រោះដល់ប្រពន្ធ ដែល រងគ្រោះជាង១៣ឆ្នាំនេះ លោកបានរិះរកមធ្យោបាយគ្រប់បែបយ៉ាងប៉ុន្តែគ្មានតំរុយទាល់តែសោះ ដែលកាលពីឆ្នាំ២០០៤នោះ រូបលោកក៏បានចេញទៅធ្វើការតាមក្រុមហ៊ុន នោះដែរ នៅអារ៉ាប៊ីសាអូឌីត ជាអ្នកបើកបររថយន្ត ហើយនៅផ្សេងគ្នាពីប្រពន្ឋ តែក្រោយមកក៏បាត់ដំណឹងសូន្យឆឹង រហូតចប់កុងត្រា ក៏ត្រឡប់មកស្រុកខ្មែរវិញ ដើម្បីរកមធ្យោបាយជួយរកប្រពន្ធ ព្រោះកាលខ្លួននៅបម្រើការងារនៅប្រទេសនេះ គឺបានខំប្រឹងរកមធ្យោបាយជួយដែរតែគ្មានលទ្ធផល។

ដោយមិនអស់ចិត្ត លោកឡុក ម៉ាន បានសន្សំប្រាក់ ចេញទៅធ្វើការនៅម្ចាស់ផ្ទះដដែល កាលពីឆ្នាំ២០១២ ដើម្បីបន្តរុករកប្រពន្ធ ហើយទីបំផុតក៏ប្រទះ ឃើញប្រពន្ធ តាមការប្រឹងប្រែងមែន ប៉ុន្តែ ខ្លួនជាប្តីនៅតែគ្មានលទ្ឋភាពជួយសង្គ្រោះប្រពន្ធដដែល ព្រោះស្រ្តីរងគ្រោះជាប្រពន្ធគ្មានលិខិតឆ្លងដែន រឺឯកសារ លិខិតស្នាមអ្វីទាំងអស់ ។

លោក សាឡុងម៉ាន បានបន្ដថា៖ រូបលោកខំធ្វើការងារ ទាំងលំបាក ព្រោះអាណិតប្រពន្ឋកំសត់ ដែលកំពុងរស់នៅបម្រើគ្រួសារមួយគ្រាន់តែចិញ្ចឹមក្រពះ ទន្ទឹងរងចាំវាសនាថាតើថ្ងៃណាទើបខ្លួនត្រូវបានសង្គ្រោះវិញ ខណៈ ខ្លួនជាប្តីបានត្រឹមតែលួចទៅជួបប្រពន្ធម្តងម្កាលតែប៉ុណ្ណោះ ហើយអូសបន្លាយពេលរហូត៥ឆ្នាំក្រោយ គឺកាលពីខែគុម្ភៈ ឆ្នាំ២០១៧ ទើបសម្រេចលាចាកប្រពន្ធមកស្រុកខ្មែរដើររកជំនួយបន្តទៀត។

លោក ឡុកម៉ាន បានបញ្ជាក់ដែរថា៖ ក្នុងនាមជាប្តី លោក មិនសុខចិត្តជាមួយនឹងទង្វើដែលក្រុមខាងលើបានធ្វើបែប នេះដាក់គ្រួសារ មិនតែប៉ុណ្ណោះ ក្រៅពីការមិនបានទទួល ប្រាក់ខែ រយៈពេល១៣ឆ្នាំ លោកក្នុងនាមជាប្តីក៏បានចំណាយទាំងពេលវេលា និងថវិកាមិនតិចម៉ឺនដុល្លារ ឡើយដើម្បីពុះពាររកប្រពន្ធរបស់ខ្លួន។ បន្ទាប់ពីមានការណែរនាំពីមន្រ្តីនៅតាមមូលដ្ឋាន ឲ្យមកទំនាក់ទំនងសុំអន្តរាគមន៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបចុងក្រោយនេះក៏សម្រេចចិត្តដើម្បីសុំជួបនិងអន្តរាគមន៍ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងជាពិសេស មានកិច្ចអន្តរាគមន៍យ៉ាងខ្លាំងផងដែរ ដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះប ណ្តាល វិជ្ជាជីវៈ សហការ នឹងក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ ដែលមានស្ថានទូតព្រះរាជា ណាចក្រកម្ពុជាប្រចាំនៅ សាធារណៈរដ្ឋអេហ្សីប មាន លោក ស្មាន ម៉ាណាន ជាឯកអគ្គរាជទូត គឺភាគីក្រសួងទាំងពីរបានស្វះស្វែង និងអន្តរាគមន៍ជាមួយភាគីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងសង្គ្រោះស្រ្តីរងគ្រោះខាងលើ បានសម្រេចជាស្ថាពរ និងបានវិលត្រឡប់មកជួបក្រុមគ្រួសារវិញនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះហើយ។

នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ត្រីរងគ្រោះ ឈ្មោះ អេង ពៅ បានបញ្ជាក់ឲ្យដឹងថា ក្នុងកំឡុងពេលជាង១៣ឆ្នាំមកនេះ គឺខ្លួនមិនដែលបានទទួលប្រាក់បៀវត្សនោះឡើយ ហើយក៏មិនដែលមានតំណាងភាគីក្រុមហ៊ុនដែលបញ្ចូនខ្លួនគាត់ទៅ មកទាក់ទង សួរនាំពីការបាត់ខ្លួនរបស់គាត់ទេ និយាយរួម វាគឺជាការបោកប្រាស់ យកពលករទៅលក់ចោលសុទ្ឋសាត ដែលក្នុងនាមជនរងគ្រោះមិនសុខចិត្តនូវទង្វើទុច្ចរិតមួយនេះ ដែលបានបៀតបៀនដល់ខ្លួនគាត់ ដល់គ្រួសារ ហើយបង្កការ ខាតបង់យ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់ ជាពិសេសគឺបានធ្វើឲ្យគាត់ព្រាត់ប្រាស់គ្រួសារប្តីនិងកូនៗ រួមជាមួយសាច់ញាតិផងដែរ។ ទាំងស្រ្តីរងគ្រោះ និង ក្រុមគ្រួសារ បានអំពាវនាវ ឲ្យអជ្ញារធរមានសមត្ថកិច្ច សូមមេត្តាជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង ជាពិសេសគឺទទូចស្នើឲ្យធ្វើយ៉ាងណា ដោះស្រាយឲ្យជនបង្កហេតុ មកទទួលខុត្រូវលើទង្វើនេះផងដែរ។

សូមបញ្ជាក់ថា៖ នេះជាស្រ្តីរងគ្រោះទី២ហើយ ដែលត្រូវបានចាញ់បោក្រុមហ៊ុនតែមួយខាងលើ ហើយ ត្រូវបានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេសកម្ពុជាបានផ្តល់អន្តរាគមន៍សង្គ្រោះឲ្យបានមកដល់កម្ពុជាវិញ ខណៈស្រ្តីរងគ្រោះទី១ ឈ្មោះ ម៉ាត់ សាណាស់ ហៅ (រ៉ទស់) ក៏ជួបបញ្ហាដូចគ្នា ដែលត្រូវបានក្រសួងទាំងពីរខាងលើ អន្តរាគមន៍ឲ្យបានត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាពកាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ ។

តាមការទម្លាយឲ្យដឹងពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថា នៅមានស្ត្រីរងគ្រោះជាច្រើននាក់ទៀត កំពុងបាត់ខ្លួនកំឡុងពេលជាង១០ឆ្នាំ ខណៈខ្លះទៀតកំពុងទាក់ទងសុំអន្តរាគមពីក្រសួងជាបន្តបន្ទាប់ ដែលអ្នកទាំងអស់គ្នាសុទ្ឋតែរងគ្រោះដោយការចាញ់បោកក្រុមហ៊ុនដដែលខាងលើ។ លោករដ្ឋលេខាធិការបានបន្តថា តាមពិតនៅអារ៉ាប៊ីសាអូឌីត មានពលករបរទេសដល់ទៅជាង១០លាននាក់ឯណោះ ដែលកំពុងបំពេញការងារដោយស្របច្បាប់ ហើយបានទទួលកម្រៃប្រាក់ឈ្នួលល្អសមរម្យ និងបានចូលរួមជួយជ្រោមជ្រែងសេដ្ឋកិច្ចគ្រួសារនិងប្រទេសនិមួយៗដែលបញ្ជូនពលករទាំងនោះ។តែដោយឡែកសម្រាប់ក្រុមហ៊ុនដែលមានបញ្ហាមិនស្របច្បាប់ទៅវិញ ដែលបានបង្កបញ្ហាស្មុគស្មាញ ដល់ពលករ ដល់ក្រសួងអជ្ញាធរមានសមត្ថកិច្ច និងសង្គមទាំងមូលផងដែរ។

ដើម្បីធានាសុវត្ថិភាពពលករកម្ពុជា លោករដ្ឋលេខាធិការក្រសូងការងារ បានអំពាវនាវដល់ពលរដ្ឋកម្ពុជា ដែលមានបំណងទៅបំពញការងារនៅក្រៅប្រទេស សូមផ្តោតសំខាន់ទៅលើក្រុមហ៊ុនណាដែលមានអជ្ញាបណ្ណត្រឹមត្រូវ ក្រុមហ៊ុនដែលមិនធ្លាប់លេចលឺបញ្ហាផ្សេងៗ ៕ ដោយ៖ សំរិត


ចែករំលែក៖