ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដែល​ជេរ​ប្រមាថសម្តេច​តេ​ជោ​តាម​ហ្វេ​ស​ប៊ុ​ក ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារមួយឆ្នាំ​

ចែករំលែក៖

ភ្នំពេញ៖ លោកអ៊ី ថាវរៈ ចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១១​ ខែមករា​ នេះ​ ប្រកាសសាលក្រមផ្តន្ទាទោស​ដាក់ពន្ធនាគារមួយឆ្នាំ និង ពិន័យជា​ប្រាក់​១មួយលាន​រៀល​ ករណី​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា សុទ្ធតែជា ឃាតក​សម្លាប់​បណ្ឌិត កែម ឡី ។

​មន្ត្រីតុលាការ​ ថ្លែងថា​ ស្ត្រី​ជាប់ចោទ​ឈ្មោះ ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា អាយុ​៣៧​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ “ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​”។​

​ស្ត្រី​រូបនេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បេនឡាន​រិ​ទ្ធិ​មុនី បន្ទាប់ពី​រូបនាង​បាន​បង្ហោះ​វីដេអូ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហេង លក្ខិណា កាលពី​ថ្ងៃទី​៩ ខែកក្កដា ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា សុទ្ធតែជា​ឃាតក ក្នុងអំឡុងពេល​នាង កំពុង​ស្ថិតក្នុង​ពិធីបុណ្យ​រំលឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​នាង​បាន​និយាយ​ក្នុង​វីដេអូ​នោះ​ថា​ “លោក ហ៊ុន សែន ហ្នឹងហើយ គ្រួសារ​គាត់​ហ្នឹងហើយ កូនចៅ​របស់គាត់ អ្នកណា​ក៏​ជា​ឃាតក​ដែរ​។ គ្រួសារ​គាត់​ហ្នឹង អ្នកណា​ក៏​ប្រឡាក់​ឈាម​លោក បណ្ឌិត កែម ឡី ដែរ​”៕ចេស្តា


ចែករំលែក៖