ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្រោយពី អតីតតារាចម្រៀងវ័យក្មេង ងួន ស្រីសរ បានបាត់មុខពីសិល្បៈអស់ជាង១០ឆ្នាំនោះ ស្រាប់តែលេចមុខក្នុងកម្មវិធីមង្គលការសាច់ញាតិនាង ជាមួយនឹងអតីតដៃគូយូរឆ្នាំកញ្ញា សុភ័ក្រ កុសុម៉ា។ ទោះជាយ៉ាងណា គួរឲ្យស្តាយអតីតតារាចម្រៀងរូបនេះមិនមានបំណងវិលមកកាន់ការងារសិល្បៈដូចដើមឡើយ។
ជាលើកទីមួយ ដែលមហាជនបានឃើញងួន ស្រីសរ បានបង្ហាញវត្តមានបន្ទាប់ពីផ្តាច់ខ្លួនពីការងារសិល្បៈអស់ជាច្រើនឆ្នាំ។
មុនពេលចាកចេញពីពិភពសិល្បៈ ងួន ស្រីសរ បានធ្វើឲ្យទស្សនិកជនជាច្រើនបានស្គាល់តាមរយៈបទចម្រៀងជាច្រើនដូចជាបទ«ស្នេហាត្រីកោណ»បទ«ចាំបងវិលវិញ»ជាដើម។
នាងបានបាត់មុខពីសិល្បៈក្រោយពេលល្បីថា នាងបានចេញទៅរស់នៅក្រៅប្រទេស ប៉ុន្តែតាមពិតនាងរស់នៅក្នុងស្រុកនៅឡើយ។ នាងបានបង្ហាញមុខរួមជាមួយអតីតដៃគូគឺកញ្ញា សុភ័ក្រ កុសុម៉ា ក្នុងកម្មវិធីមង្គលការសាច់ញាតិ ងួន ស្រីសរកាលពីថ្មីៗនេះដោយ សុភ័ក្រ កុសុម៉ាមកធ្វើជាពិធីករកាត់នំផងដែរ។
ប្រភពពីអ្នកសិល្បៈលើកឡើងថាងួន ស្រីសរក្លាយជាមនុស្សពេញវ័យហើយ ហើយនាងក៏មានស្វាមី និងកូនប្រុសម្នាក់វ័យ៤ទៅ៥ឆ្នាំហើយដែរ។
ប្រភពលើកឡើងថា នាងមិនមានបំណងវិលរកអាជីពជាអ្នកចម្រៀងនោះទេ ព្រោះតែស្វាមីនាងមិនចង់ឲ្យប្រឡូកសិល្បៈគឺមានតែការជួយលើមុខជំនួញខ្លះៗប៉ុណ្ណោះ។ មានការលើកឡើងដែរថា ក្រៅពីមុខជំនួយរបស់ស្វាមីនាងក៏ឆ្លៀតពេលលក់ទំនិញតាមអនឡាញខ្លះៗដែរ។
ងាកមក សុភ័ក្រ កុសុម៉ា បាននិយាយបែបអស់សំណើចថា៖ មានបងប្អូនសួររកគាត់ច្រើនឥឡូវផុសរូបជូនអ្នកណានឹកគាត់ខ្លះ? មួយសរ មួយខ្មៅ។ នាងបន្តថា អោយតែជួបគាត់មានអារម្មណ៏ថា នឹកកាលនៅពីក្មេងដែលកាលពីក្មេងច្រៀងរាំសប្បាយណាស់។ នាងថា គាត់នៅតែសរខ្ញុំនៅតែខ្មៅ។
មានអ្នកគាំទ្រនាងមួយចំនួនបានស្នើឲ្យនាងវិលត្រឡប់មកកាន់ការងារសិល្បៈជាថ្មី ប៉ុន្តែគេនៅមិនទាន់បានឃើញការឆ្លើយតបពីនាងនៅឡើយទេ៕ វឌ្ឍនា