ភ្នំពេញ៖ ការប្រកាសវត្តមានរបស់កូនប្រុសទាំងបីរបស់តារាចម្រៀង ព្រាប សុវត្ថិ ក្នុងផលិតកម្មហង្សមាស បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងរួចមកហើយកាលពីដើមសប្តាហ៍នេះ។ កាន់តែធ្វើឲ្យភ្ញាក់ផ្អើលក្រោយពីបទចម្រៀងដំបូងចេញមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបទចម្រៀងមួយបទ ផ្ទុះការគាំទ្ររហូតមានអ្នកចូលទស្សនាបានជាង១លានដង។
ផលិតកម្មហង្សមាសបានធ្វើសន្និសីទផ្លូវការមួយបង្ហាញពីសមាសភាពកូនប្រុសទាំងបីដួងរបស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលបានក្លាយជាតារាចម្រៀងពន្លកថ្មីពេញសិទ្ធិនៅក្នុងផលិតកម្មនេះ។
បទ«កែវភ្នែក»ដែលជាបទដំបូងរបស់បងប្អូនទាំង៣មានសាច់ភ្លេងពិរោះវីដេអូត្រជាក់ភ្នែក រួមជាមួយសម្លេងមានទឹកដមទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីមហាជនទទួលបានការចុចចូលទស្សនាដល់ទៅ១លានដងឯណោះ។
ឆ្លើយតបនឹងការគាំទ្រនេះ កម្លោះសង្ហារ សុវត្ថិ មុន្នីវណ្ណ ជាកូនប្រុសច្បង បានសម្ដែងក្ដីរីករាយជាខ្លាំង ព្រមទាំងបង្ហោះសារអរគុណថា៖ «ជាដំបូង ខ្ញុំបាទសុំលើកម្រាមដៃដប់អរគុណដល់ពូមីងអ៊ុំប្រុសអ៊ុំស្រីដែលតែងតែស្រលាញ់និងគាំទ្រមកលើពួកខ្ញុំទាំងបីហើយក៏អរគុណសម្រាប់ការចូលមើល1,000,000 views on Youtube » ។
ក្រោយជោគជ័យខ្លាំងនេះ ក៏បានធ្វើឲ្យផលិតកម្មពេញចិត្តជាខ្លាំងផងដែរ គ្រាដែលពួកគេនឹងបន្តចេញបទចម្រៀងថ្មីៗជាច្រើនទៀតនៅពេលខាងមុខ ប៉ុន្តែគេនៅមិនទាន់អាចសន្និដ្ឋានបានអំពីអនាគតរបស់ពួកគេនៅក្នុងផលិតកម្មនេះថា នឹងទាញប្រជាប្រិយភាពខ្ពស់ដូចតារារួមដំបូលផ្សេងទៀតបានកម្រិតណាដែរ។ ប៉ុន្តែកន្លងមកតំណាងផលិតកម្មហង្សមាសបានលើកឡើងថា ពួកគេទាំងបីសុទ្ធតែមានសមត្ថភាព មានទេពកោសល្យស្រាប់ ដែលផលិតកម្មបានសម្លឹងឃើញយូរមកហើយហើយទាំងខាងផលិតកម្ម ក៏ដូចជាតារាចម្រៀងថ្មីទាំង៣ នឹងព្យាយាមរកអ្វីដែលថ្មីប្លែកដើម្បីកំដរបរិយាសដល់អ្នកគាំទ្រទាំងអស់គ្នា និងអភិវឌ្ឍខ្លួនឲ្យក្លាយជាអនាគត Super Star ដូចលោកឪពុកគេផងដែរ”៕ វឌ្ឍនា