ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់ឡានឡិចស៊ីសយកជើងទ្រមេឃរបួសស្រាល៣នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មនុស្ស៣នាក់រងរបួសស្រាល ខណៈរថយន្តឡិចស៊ីស៤៧០ មួយគ្រឿងបានក្រឡាប់យកជើងទ្រមេឃដោយសាររថយន្តស្ទូច បើកគៀរគូទ ។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង១រសៀល​ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចជិតផ្លូវចូលស្រែសំគង់ ស្ថិតក្នុងសង្កាត់ស្រះឫស្សី ក្រុងស្ទឺងត្រែង ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តឡិចស៊ីសបើកបរយឺតៗនៅចំហៀងផ្លូវខាងស្តាំដៃ ក្រោយមក ស្រាប់តែមានរថយន្តស្ទូចធុនធំមួយគ្រឿងទៀត បើកមកពីក្រោយជាន់ហ្វ្រាំងអូសកង់ប្រហែលជា១៥ម៉ែត្រ រេចង្កូតទៅខាងឆ្វេងដៃ បណ្តាយឲ្យ​កន្ទុយរថយន្តស្ទូចនោះ មកប៉ះជាមួយគូទរថយន្តឡិចស៊ីសចំខាងឆ្វេង ហាក់ដូចគេគាស់លើកពីក្រោយ បណ្តាយឲ្យរថយន្តឡិចស៊ីសក្រឡាប់ផ្ងារជើងឡើងលើ ខូចខាតស្ទើរតែទាំងស្រុង ហើយមនុស្ស៣នាក់ ដែលជិះក្នុងរថយន្តនាំគ្នាលូនចេញរបួសរលាត់ដៃបន្តិចបន្តួចប៉ុណ្ណោះ។

ប្រភពបន្តថា តៃកុងរថយន្តបង្ក បានរត់ចោលរថយន្តភ្លាមៗ ។ រថយន្តបង្ក គឺជាប្រភេទរថយន្តស្ទូចធុនធំ ពាក់ស្លាកលេខភ្នំពេញ 3D-0775 ដែលគេស្គាល់ថា ជារថយន្តស្ទូចរបស់ក្រុមហ៊ុនចិននៅវារីអគ្គិសនីសេសានក្រោម២។

ចំណែកឡិចស៊ី៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P-1718 គឺជារថយន្តរបស់លោក តាន់ គឹមអៀក មានមុខរបរលក់ដូរ (បោះដុំ)ប្រចាំក្រុងស្ទឹងត្រែង បើកបរដោយលោក តាន់ គឹមអៀក ផ្ទាល់តែម្តង ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង។ រថយន្តទាំង២គ្រឿង មករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រង់ចាំការដោះស្រាយ ៕


ចែករំលែក៖