ខេត្តតាកែវ៖ ឡានធុនធំបើកជែងគ្នាទៅបុកម៉ូតូស្លាប់ម្នាក់ ពួកបង្ករត់គេចបាត់ស្រមោលមិនទទួលខុសត្រូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចន្លោះគឺឡូម៉ែត្រលេខ៤៦-៤៧ ក្នុងភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
សាក្សីថា មុនពេលកើតហេតុ មានឃើញរថយន្ត១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0266 ធ្វើដំណើរពីរជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្ត១គ្រឿងទៀត ស្របពេលនោះ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-5548 បត់ឆ្លងថ្នល់ ធ្វើឲ្យចាប់ហ្វ្រាំងមិនជាប់ ជ្រុលបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ បោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកម្ចាស់រថយន្តបង្ក ព្រមទាំងព្រូ ក្រោយឃើញសភាពការណ៍មិនស្រួល បាននាំគ្នាចុះពីរថយន្ត រត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែលជាង២០ឆ្នាំ ប៉ុន្តែគេដឹងថា រស់នៅភូមិព្រៃតាមួត ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកដល់ធ្វើការវាស់វែង ហើយបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ ៕