ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បង្រ្កាបឈើគ្រញូងជិត២តោននៅកន្លែងស្តុកទុកដែលបម្រុងនាំទៅលក់នៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តតាកែវ៖ អាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្ត កាលពីយប់ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨បានចុះទៅបង្រ្កាបផ្ទះស្តុកឈើគ្រញូងមានទំងន់ប្រមាណជិត២តោន ដែលក្រុមឈ្មួញខិលខូចបម្រុងនាំទៅលក់នៅប្រទេសវៀតណាម នៅចំណុចឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។

លោក ង៉ែត ចាន់ធី មេបញ្ជាការរកងរាជអាវុធហត្ថខេត្តតាកែវ ដែលបានដឹកនាំមន្រ្តីអាវុធហត្ថចុះទៅបង្រ្កាបទីតាំងស្តុកឈើគ្រញូងបានថ្លែងឲ្យដឹងថា ការចុះទៅបង្រ្កាបឈើគ្រញូងទាំងយប់នេះ គឺមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាខេត្តតាកែវ ដោយមន្រ្តីរបស់លោកបានរឹបអូសឈើគ្រញូង ដែលឈ្មួញខិលខូចបានកាត់ជាកង់ៗដាក់ក្នុងបាវស៊ីម៉ង់ប្រមាណ៨០បាវ ហើយបើគិតជាទម្ងន់គឺមានទម្ងន់ប្រមាណជិត២តោន។ ឈើទាំងអស់នេះ ត្រូវក្រុមឈ្មួញបម្រុងនាំចេញទៅលក់នៅប្រទេសវៀតណាម។

លោកបានបន្តរថា ឈើគ្រញូងដែលបង្ត្រាបបានត្រូវបានបញ្ជូនមកទុកជាបណ្ដោះអាសន្ន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវដើម្បីថ្លឹងទម្ងន់ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញា មន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។

បន្ទាប់ពីថ្លឹងទម្ងន់រួចហើយ មន្រ្តីកងរាជអាវុធហត្ថនិងបំពេញសំណុំបែបបទបញ្ជូនទៅរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការជាបន្តទៅទៀត។ ដោយឡែកអ្នកពាក់ព័ន្ធនឹងឈើគ្រញូងនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីផ្តន្ទាទោសទៅតាមច្បាប់៕ ភ្នំដា


ចែករំលែក៖