ភ្នំពេញ៖ ទីបំផុតអតីតគូដណ្តឹងនី មុនីនាថ ដែលជាអាណិកជនរស់នៅសហររដ្ឋអាមេរិកនឹងជិះយន្តហោះមកកម្ពុជានៅដើមសម្តាហ៍ក្រោយនេះ។ ដំណើរមកកាន់កម្ពុជាជាថ្មីនេះត្រូវបានគេដឹងថាដើម្បីមកឆ្លើយបំភ្លឺមុខតុលាការជុំវិញករណីលោកប្តឹងតារាសម្តែង នី មុនីនាថថាបានបោកប្រាស់ទ្រព្យលោកអស់ជាច្រើនម៉ឺនដុល្លារអាមេរិកគ្រាដែលនៅស្រលាញ់គ្នាកន្លងមក។
លោក អ៊ឹង សូឡាង ដែលធ្លាប់អះអាងថា បានឈឺចិត្តស្អិតទ្រូងរហូតទម្លាយ និងប្តឹងតារាលំដាប់ជួរមុខនៅកម្ពុជាគឺកញ្ញា នី មុនីនាថ ព្រោះតែចាញ់បោកបង់ប្រាក់អស់ជាច្រើនម៉ឺនដុល្លារអាមេរិកនោះ នឹងជិះយន្តហោះមកដល់កម្ពុជានៅថ្ងៃទី២២ខែមករានេះ ក្រោយពាក្យផ្តឹងរបស់លោកបានធ្លាក់ដល់ដៃតុលាការដំបូងរាជធានីភ្នំពេញអស់រយៈពេលជាង៣ខែមកហើយនោះ។ អតីតគូស្នេហ៍នី មុនីនាថរូបនេះបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការដោយទាមទារឲ្យតារាសម្តែងរូបនេះសងប្រាក់ និងទាមទារជំងឺចិត្តសរុប១២ម៉ឺនដុល្លារអាមេរិក។
ប្រភពកៀកកិតជិតលោកអ៊ឹង សូឡាងបានលើកឡើងថា ការឡើងមកលើកនេះគឺជាការជម្រះបញ្ជីមុខតុលាការដោយផ្ទាល់មាត់ ដែលលោកនឹងស្នាក់នៅកម្ពុជាយូរឬតិចថ្ងៃអាស្រ័យលើនីតិវិធីជម្រះក្តីបានបញ្ចប់រួចរាល់។ ប្រភពដដែលលើកឡើងថា ដើមបណ្តឹង លោក សូឡាងហាក់មានជំនឿចិត្តច្រើនថា អាចមានប្រៀបក្នុងការឈ្នះក្តីមួយនេះ ខណៈដែល នី មុនីនាថ ដែលអះអាងកន្លងមកថានាងស្អាតស្អំនោះក៏ត្រៀមមេធាវី និងការឆ្លើយផ្ទាល់មាត់តទល់ជាមួយកន្លង់ឯនាយសមុទ្ររូបនេះវិញផងដែរ។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើដំណើររឿងនេះនឹងបញ្ចប់ដោយអ្នកណាចាញ់អ្នកណាឈ្នះនោះដែរ។
គួរបញ្ជាក់ផងដែរថា លោក អ៊ឹង សូឡាង អតីតគូដណ្តឹងរបស់នី មុនីនាថ បានប្ដឹងពីបទឆបោកដោយទាមទារសំណងចំនួន ១២ម៉ឺនដុល្លារពីអតីត គូដណ្ដឹងរូបនេះ ។ ទឹកប្រាក់ចំនួន ១២ម៉ឺនដុល្លារត្រូវលោក អ៊ឹង សូឡាង ដែលជាអាណិកជនអាមេរិក ទារចំនួន២ចំណុច ពីកញ្ញា នី មុន្នីនាង។ ទី១គឺឱ្យចុងចម្លើយសងប្រាក់ជំពាក់ ៧ម៉ឺនដុល្លារ និងទី២ គឺប្រាក់សងជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារ ថែមទៀត។ ដើមបណ្ដឹងលោក អ៊ឹង សូឡាង បាននិយាយថា អតីតគូដណ្ដឹងរបស់លោក គឺកញ្ញា នី មុន្នីនាថ បានឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ដោយព្រមព្រៀងគ្នាជាប្ដីប្រពន្ធ។ ក៏ប៉ុន្តែតារាសម្ដែងរូបនេះ បានប្រែក្រឡាសវិញ បន្ទាប់ពីទទួលបានលុយ ជាច្រើនម៉ឺនដុល្លារអាមេរិករួចហើយនោះ៕ វឌ្ឍនា