ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ដូណាល់ ត្រាំ ៖ រុស្ស៊ីកំពុងតែជួយចិញ្ចឹមកូរ៉េខាងជើងដោយសម្ងាត់ទោះរងការដាក់ទណ្ឌកម្ម

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា រុស្ស៊ីកំពុងតែជួយដល់កូរ៉េខាងជើង ដោយបានផ្តល់ទំនិញជាច្រើនដល់ប្រទេសនេះ ដែលបំពានលើច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិទៅលើទីក្រុងព្យុងយ៉ាង។

លោក ត្រាំ បានបញ្ជាក់ទៀតថា «រុស្ស៊ីមិនបានជួយដល់យើងស្តីពីវិបត្តិបរមាណូនៅកូរ៉េខាងជើងនោះឡើយផ្ទុយទៅវិញរុស្ស៊ីបានជួយដល់កូរ៉េខាងជើងដោយសម្ងាត់។ ដោយឡែក ប្រទេសចិន ដែលជាសម្ពន្ធមិត្តជិតស្និតបំផុតជាមួយកូរ៉េខាជើង បែជាជួយយើងវិញ»។

ក្នុងពេលដែលកូរ៉េខាងជើងជាឧបស័គ្គដ៏ធំនៅលើពិភពលោក និងអាមេរិកនាពេលកំពុងប្រឈមមុខផ្ទាល់ជាមួយកូរ៉េខាងជើង ក្រោយពេលទីក្រុងព្យុងយ៉ាងបានប្រកាសថា មីស៊ីល និងបរមាណូទាំងអស់ទុកសម្រាប់តែអាមេរិកប៉ុណ្ណោះ។ ជាមួយគ្នានេះលោក ត្រាំ បញ្ជាក់ថា លោកមិនប្រាកដ នៅក្នុងការពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នោះឡើយដោយមិនអាចទទួលបានលទ្ធផលជាវិជ្ជមាន។

លោក ត្រាំ ក៏បានថ្កោលទោស ដល់អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា ដែលមិនអាចរារាំងកម្មវិធីបរមាណូកូរ៉េខាងជើងបាន ទុកឲ្យប្រទេសនេះបានសម្រេចគោលដៅផលិតបរមាណូបំពាក់លើកាំជ្រួចមីស៊ីលវាយប្រហារដល់ទឹកដីអាមេរិក។

លោក ត្រាំ បានបញ្ជាក់ថា «ខ្ញុំនឹងអង្គុយចុះចរចាគ្នា តែខ្ញុំមិនប្រាកដថា អាចដោះស្រាយបញ្ហាបច្ចុប្បន្នបាននោះឡើយ។ ពួកគេបាននិយាយថា ចង់ពិភាក្សា២៥ឆ្នាំមកហើយ ប៉ុន្តែមិនបានសម្រេចឡើយ»។

លោក ត្រាំ ក៏បានសរសើរចិន ដែលបានចូលរួមដាក់ទណ្ឌកម្មកូរ៉េខាងជើងយ៉ាងតឹងតែង ដោយកាត់បន្ថយចំនួនថាមពលប្រេងនាំទៅកាន់កូរ៉េខាងជើង និងផ្អាកទិញធ្យូងថ្មពីកូរ៉េខាងជើងផងដែរ។

លោកបន្តទៀតថា ចិននឹងធ្វើបានច្រើនជាងនេះ ដើម្បីទប់ស្កាត់កូរ៉េខាងជើង។

ប្រភពព័ត៌មានបានឲ្យដឹងថា នាវាដឹកប្រេងរបស់រុស្ស៊ីបានផ្គត់ផ្គងប្រេងដល់កូរ៉េខាងជើងយ៉ាងតិច៣លើកក្នុង១ខែ តាមរយៈការផ្តល់នៅលើដែនសមុទ្រ។ រុស្ស៊ីបានច្រានចោលការចោទប្រកាន់ខាងលើ។

ថាមពលប្រេងដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចកូរ៉េខាងជើង ហើយជួយដល់ប្រទេសនេះឲ្យអាចបន្តកម្មវិធីបរមាណូបានទៀតផង។

អាមេរិកនៅតែដាក់គំនាបលើកូរ៉េខាងជើង ក្នុងពេលដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងតែឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរនឹងគ្នាឡើងវិញ។ នៅពេលនេះ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដង្ហែរក្បួនរួមគ្នា ក្រោមទង់ជាងកូរ៉េ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅទីបំផុតកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងដើរជាក្បួនដង្ហែរួមគ្នា ក្រោមទង់ជាតិនៃប្រទេសទាំង២ នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ដែលរៀបចំឡើងនៅលើទឹកដីកូរ៉េខាងត្បូង នៅខែកុម្ភៈខាងមុខនេះ។

ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េទាំង២ បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ ស្ដីពីការបញ្ជូនអត្តពលិកកូរ៉េឲ្យមកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ចាប់ពីខែកុម្ភៈដល់ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ។ ជាងនេះទៅទៀត កូរ៉េខាងជើងក៏បានយល់ព្រមផងដែរថា នឹងបញ្ជូនប្រតិភូកីឡាជាង៥៥០នាក់ ឲ្យមកចូលរួមក្នុងព្រឹតិ្តការណ៍កីឡាដ៏ធំនេះ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញជាច្រើន កូរ៉េខាងត្បូងចង់ប្រើឱកាសនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនេះ ដើម្បីផ្សះផ្សាទំនាក់ទំនងក៏ដូចជាព្យាយាមសាកល្បង បញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើងត្រឡប់មករកតុចរចាស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងធ្លាប់បានបញ្ជាក់ជាច្រើនដងថា ខ្លួននឹងមិនលើកយកសំណុំរឿងនុយក្លេអ៊ែរដាក់ចរចាជាដាច់ខាត ដ្បិតអាវុធនុយក្លេអ៊ែររបស់ខ្លួនទុកសម្រាប់ការពារ និងសន្តិភាពនៅក្នុងតំបន់តែប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖