ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ២ នាក់ នៅចំណុចក្រោយផ្សារជិនជូរី ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ប្រើដាវកែច្នៃកាប់ បណ្តាលឲ្យជនរងគ្រោះរងរបួសក្បាលដេរចំនួន៥ថ្នេរ ) កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង២ទៀបភ្លឺ ប្រព្រឹត្តនៅចំណុចភ្លើងស្តុប ផ្លូវលេខ២០០៤ កែងផ្លូវសហពន្ធ័ រុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងធ្វើ សកម្មភាព បញ្ជូនមកកាន់ការិយាល័យចាត់ការតាមនិតិវិធី ។
មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុវជនដៃដល់ទាំង២នាក់ទី១-ឈ្មោះ ហេង ប៊ុនណា ភេទប្រុស ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៦A ភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុក មខកំពូល ខេត្តកណ្តាល អ្នកបើកម៉ូតូឌុបជនដៃដល់ . ទី២-ឈ្មោះ សំណាង ម៉ូរ៉ាឌីណុល ភេទប្រុស ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុនៅភោជនីយដ្ឋានង៉ន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ (ជនដៃដល់អ្នកកាន់ដាវកាប់លើជនរងគ្រោះ) ។ចំណែកជនរងគ្រោះឈ្មោះ ផល សុធា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ជពោធិសែនជ័យ រងរបួសក្បាល ដេរចំនួន ៥ថ្នេរ ។ វត្ថុតាងចាប់យកមាន៖ -ម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ សេរីឆ្នាំ ២០១២ លេខតួ-លេខម៉ាស៊ីន ៨០១៨៥០២ ពាក់ស្លាកលេខភ្នំពេញ ១BW-០៧៩៣ -ដាវកែច្នៃ ធ្វើពីដែក ប្រវែង ០៥,២៤ ម៉ែត្រ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ សុខា សែនជ័យ