ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ(រំលោភបូក) ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងផ្លុង ឃាត់ខ្លួន នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជនសង្ស័យបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ(រំលោភបូក) កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី លើនារីរងគ្រោះ ឈ្មោះ ភ ស ភ អាយុ១៦ឆ្នាំ នៅភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អធិការរង លោកអនុសេនីយ៍ទោ ឈួន វុទ្ធី បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សេង ធឿន ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិគោគទី ឃុំចក ស្រុកអូរាំងឪ ទី២-ឈ្មោះ ស៊ី វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិជីពូ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យទាំង២នាក់ត្រូវបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕