ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួននារីម្នាក់រកឃើញថ្នាំញៀន​១កញ្ចប់​ធំ

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួន ខណៈដែលកំពុងជិះម៉ូតូមួយគ្រឿងលាក់ទុកគ្រឿងញៀនមួយកញ្ចប់ធំនៅក្រោមកែបម៉ូតូ កាលពីថ្ងៃអាទិត្យ​ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ម៉ែន ចាន់​ធឿន ភេទ​ស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ លេខ១០៩ សង្កាត់​មនោ​រម្យ ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទ រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ។ វត្ថុតាង​ចាប់យក​​មាន៖ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន០១កញ្ចប់​ធំ, ម៉ូតូ០១គ្រឿង​ម៉ាក Today ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ១CJ.៥៨៩២, ប្រអប់​ក្រដាស់​ពណ៌​ស​ចំនួន០១ និង​ថង់​យួរដៃ​ពណ៌​ស​ចំនួន០១ ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលឃាត់ខ្លួននារីសង្ស័យគឺកម្លាំងប៉ុស្តិ៍ស្រះចក បានជិះការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាល លុះល្បាតមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យខាងលើនេះ ជិះម៉ូតូម៉ាក់ធូដេរពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1CJ-5892 ដោយសង្ស័យកម្លាំងល្បាតក៏បានហៅឃាត់សួរនាំនិងឆេកឆេរ រកឃើញគ្រឿងញៀនចំនួន១កញ្ចប់ធំ ដាក់ក្នុងប្រអប់មួយលាក់ក្រោមកែបម៉ូតូ ។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕ ស តារា


ចែករំលែក៖