ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យបាក់ដួលរាបស្មើដី កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AR 6538 បើកបរដោយបុរសម្នាក់ដឹងកង់ឡាន ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅឡើងលើឃឿនផ្លូវបុកបង្គោលភ្លើងបណ្តាលឲ្យបាក់ដួលរាបស្មើដល់ដីកល់រថយន្តជាប់ទៅមុខលែងរួច តែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីមកស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ