ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវតំណាងក្រុមហ៊ុនលាយស៊ីម៉ង់ត៍(GL)ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចករណី រំលោភលេីទំនុកចិត្ត(យកល្បាយស៊ីម៉ង់ត៍មិនប្រគល់ប្រាក់)។
ករណីនេះកើតឡើងនៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខបន្ទប់ជួលរបស់ខ្លួន ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា៖ ជនសង្ស័យឈ្មោះ ស្រេង ភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខបេ៩ ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ចំណែកជនរង ឈ្មោះ នឹង ជីង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលាយស៊ីម៉ង់ត៍ (GL) ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សម្ភារបាត់បង់ ៖ លុយដុល្លារចំនួន ៩១៥១ដុល្លារ ។ សម្ភារ បន្សល់ទុក ៖ ឯកសារកិច្ចសន្យាជំពាក់លុយមួយចំនួន ។
តាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១០ និង០០នាទី ជនសង្ស័យបានធ្វើការទំនាក់ទំនង ជាមួយជនរងគ្រោះ យកល្បាយស៊ីម៉ង់ត៍ ទៅសាងសសង់សំណង់ ដែលជនសង្ស័យទទួលសាងសង់ ឲ្យគេហើយបានជំពាក់លុយថ្លៃស៊ីម៉ង់ត៍ចំនួន៩១៥១ដុល្លា និងបានធ្វើកិច្ចសន្យាជាមួយជនរងគ្រោះតំណាងក្រុមហ៊ុន ដើម្បីសងប្រាក់ដែលនៅសល់ រួចជនសង្ស័យបានគេចខ្លួនបាត់មិនចូលខ្លួនមកសងប្រាក់តាមកិច្ចសន្យា ។ លុះដល់ថ្ងៃទី២១-០១-២០១៨ វេលាម៉ោង១៦ និង០០នាទី ខាងក្រុមហ៊ុនលាយបេតុង (GL) បានឃើញជនសង្ស័យ ឈរនៅមុខបន្ទប់ជួលរបស់ខ្លួន ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់ធ្វើការសាកសួរតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ៕ តុង សីហា