ព័ត៌មានទាន់ហេតុការណ៍៖

លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលប៉ៃលិនបាននំាកម្លាំងចុះត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព ព្រមទាំងធ្វើតេស្តបឋម (Test Kit) លើចំណីអាហារ ដែលបង្កគ្រោះថ្នាក់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ លោកគិត សុវណ្ណា អនុ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើតេស្តបឋម (Test Kit) លើចំនីអាហារបរិភោគដើម្បីរកសារធាតុ ដែលនាំឲ្យគ្រោះថ្នាក់ដល់សុខភាព ព្រមទាំងត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត ជាពិសេសរកមើល ទឹកដោះគោម្សៅ ៣ប្រភេទ ដែលក្រសួងសុខាភិបាលហាមឃាត់ចរាចរដាក់តាំងលក់នាពេលថ្មីៗនេះ នៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅផ្សារប៉ាហ៊ី ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។

លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានឲ្យដឹងថា៖ ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ជាញឹកញាប់បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយឲ្យប្រប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ បានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំនត់ និងគ្មានច្បាប់អនុញ្ញាត។

លោកបានបន្តថា៖ជាក់ស្តែងនៅថ្ងៃនេះមន្ត្រីជំនាញបានចុះមកធ្វើតេស្តបឋម(TestKit)ទៅលើចំនីអាហារបរិភោគប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សាប៉ាហ៊ីដើម្បីរកសារធាតុហាមឃាត់ ដូចជា៖ ប្រហិតសាច់គោ ត្រីទីឡាប់យ៉ាដែលនាំមកពីប្រទេសថៃ មឹក បង្គា សរសៃគុយទាវ សណ្តែកបណ្តុះ ជ្រួកស្ពៃ និងចំណីអាហារផ្សេងៗមួយចំនួនទៀត ហើយ​នៅក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានស្វែងរកការចរាចរលក់់នៅលើទីផ្សារខេត្តប៉ៃលិន នូវ ទឹកដោះគោម្សៅ ៣ប្រភេទ ដែលផលិតនៅប្រទេសបាំរាំង គឺទី១- សេលីយ៉ា អាដេ ទី២-សេលីយ៉ា ម៉ាម៉ា និងទី៣-ពីកូត អែស អិល ដែលនឹងបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសសម្រាប់ ទារក កុមារតូចៗ ស្ដ្រីមានផ្ទៃពោះ និងស្រ្ដីកំពុងបំបៅដោះកូន ដែលក្នុងទឹកដោះគោនោះ មានឆ្លងមេរោគ សាលម៉ូណែល ដែលពេលនេះ ក្រសួងសុខាភិបាល កំពុងធ្វើការប្រមូលត្រលប់ពីទីផ្សារមកវិញ។

សូមបញ្ជាក់ថា៖ ក្នុងការធ្វើតេស្តបឋម (Test Kit) លើចំនីអាហារបរិភោគមួយចំនួន នៅក្នុងផ្សារប៉ាហ៊ីនាឱកាសនោះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុហាមឃាត់ដែលបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ ក្នុងនោះ ទឹកដោះគោម្សៅ ៣ប្រភេទ ដែលក្រសួងសុខាភិបាលហាមឃាត់ ក៏គ្មានចរាចរលក់នៅលើទីផ្សារខេត្តប៉ៃលិនដែរ។ ស សារ៉េត


ចែករំលែក៖