ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូទ័រទៅបូមទឹកភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់យកម៉ូទ័រទៅបូមទឹកដាក់ពាងមានការធ្វេសប្រហែស បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានផ្អើលឆោឡោឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្ត‌កណ្ដាល‌ ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ូ ង៉ើត ភេទប្រុស អាយុ៥៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ មានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ប្រពន្ធឈ្មោះ ហេង ថោ អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ស្រ្តីឈ្មោះ ហេង ថោ ជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះតែងយកម៉ូទ័រទៅបូមទឹកដាក់ពាង និងអាងដើម្បីប្រើប្រាស់ ខណៈដែលក្នុងពាងនិងអាងនោះអស់ទឹក ។ លុះមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៧ព្រឹក ជនរងគ្រោះបានយកម៉ូទ័រទៅបូមទឹកដាក់អាងនិងពាង នៅឯក្រោយផ្ទះដូចថ្ងៃធម្មតាដែរ ។ ចំណែកឈ្មោះ ហេង ថោ ជាប្រពន្ធនៅបោសសំអាតផ្ទះ លុះបានមួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងជនរងគ្រោះស្រែកថា ជួយផង ឮដូច្នេះស្ដ្រីជាប្រពន្ធបានរត់ទៅក្រោយផ្ទះមើល ខណៈទៅដល់ស្រាប់តែឃើញជនរងគ្រោះដេកលើដីក្បែរម៉ូទ័រ ហើយដៃស្តាំកាន់ព្រីខ្សែភ្លើងជាប់ ឃើញដូច្នោះ ក៏ស្ទុះ ទៅយកឈើឬស្សីមកគៀសខ្សែភ្លើងចេញ ហើយប្រពន្ធជនរងគ្រោះបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយធ្វើចលនា តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌ថា មានករណីឆក់ចរន្តអគ្គិសនី បណ្ដាលឲ្យស្លាប់រួចមក ភ្លាមនោះកម្លាំជំនាញ បានសហការជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ចុះមកពិនិត្យឃើញថា៖ជនរងគ្រោះមានស្នាមដាច់រលាត់ស្បែកម្រាមដៃខាងស្តាំមួយកន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ រួចបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖