ភ្នំពេញ ៖ ដោយសារការរស់នៅមិនចុះសម្រុងនិងគ្នា បានធ្វើឲ្យប្តីប្រពន្ធមួយគូរ បានឈ្លោះប្រកែគ្នារហូតខាងស្រីបានវេចខោអាវរត់ចោលលោកប្តីវ័យក្មេងទៅឯស្រុកកំណើរវិញ នៅខេត្តសៀមរាបបាត់ ធ្វើឲ្យលោកប្តីវ័យក្មេងពិបាកចិត្តទោះអង្វរប្រពន្ធឲ្យត្រឡប់មកជួបខ្លួនវិញក៏មិនព្រម ប្រើស្នៀតយកកញ្ចក់មក អារ.កដៃស្តាំ ឲ្យគេអាណិតតែទីបំផុតរងរបួសធ្ងន់ ហើយត្រូវបានបងប្អូនដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។
ករណីអារ.កដៃចង់សម្លាប់ខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១០៩ ត្រង់ចំណុចផ្ទះជួលគ្មានលេខជាន់ទី៣ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
លោកប្តីវ័យក្មេង ឈ្មោះពិសិដ្ឋ ហៅយា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។
យោងតាមប្រភពពីនគរបាលប៉ុស្តិ៍មនោរម្យ បានឲ្យដឹងថា មុនពេលកើតហេតុ មានបងប្អូនជនរងគ្រោះ បានមករាយការណ៍ថា មានបងប្អូនដែលស្នាក់នៅផ្ទះជាន់ទី៣ ម្តុំផ្សារឌុយមិច តូចចិត្តឈ្លោះគ្នាជាមួយប្រពន្ធ កំពុងតែអារដៃដើម្បីសម្លាប់ខ្លួនឯង ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម ក៏បានចុះទៅដល់ចំណុចកើតហេតុ និងបើកទ្វារបន្ទប់ឃើញអីវ៉ាន់និងខោអាវរាយប៉ាយពេញក្នុងផ្ទះមិនដឹងថាមានរឿងអ្វីខ្លះនោះទេ ។ ចំណែកជនរងគ្រោះ ដេកសន្លប់ស្តូកស្តឹងសុទ្ធតែឈាមពេញក្នុងផ្ទះផងដែរ ។
សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីចុះទៅដល់ទីតាំងខាងលើនេះ ហើយបានសាកសួរជនរងគ្រោះ ដោយរូបគេនិយាយរៀបរាប់ប្រាប់សមត្ថកិច្ច មូលហេតុនៃការដែលខ្លួនអារ.កដៃខ្លួនឯងនេះ គឺរូបគេបានឈ្លោះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធបានរត់ទៅខេត្តសៀមរាបបាត់ ដោយចង់ឲ្យប្រពន្ធត្រឡប់មករស់នៅជុំគ្នាវិញ ក៏វាយបំបែកកញ្ចក់បង្អួចយក មកអារ.កដៃខ្លួនឯងតែម្តង ។ ចំណែកម្តាយជនរងគ្រោះ ដែលរស់នៅខេត្តព្រះសីហនុ ពេលដែលឃើញកូនខ្លួនឯងផុសតាមហ្វេសបុក ក៏បានទូរស័ព្ទមកប្រាប់សាច់ញាតិ ដែលរស់នៅភ្នំពេញ ឱ្យជួយទៅមើលភ្លាមៗ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ ៕ស រស្មី