ខេត្តព្រះសីហនុ៖ លោកសេង ណុងប្រធានមន្ទីរពេទ្យបង្អែកខេត្តជូនជាដំណឹងមកថា ស្ត្រីម្នាក់បានធ្វើដំណើរដោយថ្មើរជើងពីស្ថានីយរថភ្លើង ចូលមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីឲ្យពេទ្យឆ្មប ជួយសម្រាលកូន។
ករណីនេះ កើតឡើងកាលពីម៉ោង៦កន្លះល្ងាច ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ។ ស្ត្រីនេះ មានតែម្នាក់ឯង គ្មានគ្រួសារ សាច់ញាតិទេ ដោយប្រាប់គ្រូពេទ្យថា ប្ដីរបស់គាត់បានរត់ចោលគាត់ តាំងពីមានផ្ទៃពោះ៤ខែមកម្ល៉េះ និងថាបច្ចុប្បន្ន រូបគាត់ក្រីក្រគ្មានប្រាក់ និងមានស្ថានភាព ស្លេកស្លាំងដោយសារខ្វះអាហារបំប៉ន ។
លោក ប្រធានមន្ទីរពេទ្យឲ្យដឹងផងដែរថា ស្ត្រីក្រីក្រគ្មានសាច់ញាតិរូបនេះ គាត់សម្រាលបានកូនស្រីមួយរូប មានទម្ងន់២គីឡូក្រាម និងបានស្នើរក សប្បុរសជនឲ្យជួយឧបត្ថម្ភដល់ស្ត្រីជាម្តាយ និងកូនស្រីទើបសម្រាលនេះផងដែរ ៕ ឆ្លាម សមុទ្រ