ភ្នំពេញ ៖ ដោយសារតែក្រុមគ្រួសារគ្មានអ្នកយល់ចិត្ត បានធ្វើឲ្យនារីស្រស់ស្អាតម្នាក់ ជិះម៉ូតូឌុបមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាជួយធ្វើអន្តរាគមន៍ចាប់ទាន់ពេលវេលា ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្ពានច្បារអំពៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ វ័យ២០ជាងឆ្នាំ គិតតែពីយំដោយមិនព្រមនិយាយប្រាប់ឈ្មោះគេនោះទេ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីស្រស់ស្អាតម្នាក់ ជិះម៉ូតូឌុបមកឈប់លើស្ពាន ហើយបម្រុងលោតទឹកស្ពានច្បារអំពៅសម្លាប់ខ្លួន តែត្រូវប្រជាពលរដ្ឋឃើញក៏ជួយសង្គ្រោះទាន់ពេលវេលា និងនិយាយសម្របសម្រួលជាមួយនាងកុំឲ្យគិតខ្លី ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ក៏បានសាកសួរនារីរងគ្រោះតែនាងមិនព្រមនិយាយអ្វីនោះទេ គិតតែពីយំ បង្កការភ្ញាក់ផ្អើលរហូតទល់តែនាងប្រាប់គេឯងថា ។ មូលហេតុដែលនាំឲ្យនាងមកលោតទឹកសម្លាប់ខ្លួន គឺមកពីក្រុមគ្រួសារអត់យល់ចិត្តនាង ទើបខឹងចិត្តពេក ក៏ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួនបែបនេះតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចក៏បានទំនាក់ទំនងជាមួយក្រុមគ្រួសារឲ្យមកទទួលយកនារីរងគ្រោះឲ្យត្រឡប់ទៅផ្ទះរបស់បងប្អូនវិញ និងបានណែនាំកុំឲ្យធ្វើដូចនេះទៀត ៕ ស រស្មី