ខេត្តស្ទឹងត្រែង៖ លោកគឹម ហុងសាន ព្រះរាជអាជ្ញារងអមសលាដំបូងខេត្ត ដឹកនាំកម្លាំងមន្ទីរជំនាញខេត្ត ចុះបញ្ឈប់ការដ្ឋានបូមខ្សាច់ មួយកន្លែង ដែលរឹងរូស មិនស្តាប់ការណែនាំ របស់មន្ទីររ៉ែ និងថាមពលខេត្ត និងមន្ទីរបរិស្ថានខេត្ត ដែលមានទីតាំងក្នុងភូមិកំភុន ឃុំភ្លុក ស្រុកសេសាន ស្ថិតនៅតាមដងទន្លេសេសាន ចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០និង២៥នាទីព្រឹក។
ជុំវិញរឿងនេះលោក នូ សុវណ្ណារ៉ា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យផ្អាកការដ្ឋានមូបខ្សាច់ខាងលើថា ការដ្ឋាននេះធ្វើអាជីវកម្ម មិនគោរពតាមការណែនាំរបស់មន្ទីររ៉ែថាមពល មួយលើកជាពីលើក ពេលដែលក្រុមការងារចុះទៅផ្អាកមិនឲ្យធ្វើសកម្មភាពបូមខ្សាច់ជាបណ្តោះអាសន្នសិន ដើម្បីឲ្យពួកគាត់មកសុំធ្វើច្បាប់អាជ្ញាបណ្ណសារជាថ្មី ព្រោះអាជ្ញាបណ្ណចាស់ពីមុនវាបានផុតសុពលភាពទៅហើយ នៅតែលួចធ្វើដដែល នៅតែមិនព្រមស្តាប់ និងមកសុំច្បាប់អាជីវកម្មបន្តពីមន្ទីរឡើយ ទើបបានព្រះរាជអាជ្ញារងចុះបញ្ឈប់តែម្តង។
លោកបញ្ជាក់ថា ម្ចាស់ការដ្ឋានខាងលើទីមួយមានឈ្មោះ និលចាន់នៅ មានទីលំនៅក្នុងក្រុងស្ទឹងត្រែង និងទីពីឈ្មោះ សៀវ រ៉ាស៊ី ដែលមកពីខេត្តផ្សេង។ ហើយឈ្មោះនិល ចាន់នៅ ជាអ្នកកាន់លុយ និងឈ្មោះសៀវ រ៉ាស៊ី ជាអ្នកបច្ចកទេសក្នុងការបូម។
ជាមួយគ្នានេះដែរ មន្ត្រីបរិស្ថាន ក៏បានឲ្យដឹងដែរថាៈ ការដ្ឋានបូមខ្សាច់នេះពុំត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសទេ គឺមានទីធ្លាផ្ទុកខ្សាច់តូចចង្អៀត នៅជិតផ្ទះប្រជាពលរដ្ឋ មានទឹកហូរចេញពីការដ្ឋានខ្សាច់បណ្តាលឲ្យដក់ទឹកជោគជាំ ហូរចូលតាមលំនៅឋានប្រជាពលរដ្ឋជាដើមនាំឲ្យពួគគាត់មិនសប្បាយចិត្តទៀតផង ហើយភាពរឹងទទឹងរបស់ម្ចាស់ការដ្ឋានខាងលើ ត្រូវបានបិទជាស្ថាពរ និងដកហូតសម្ភារ:មួយចំនួន ខណ:ដែលលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចុះទៅពិនិត្យជាក់ស្តែងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ។
លោក ហុង គឹមសាន បានឲ្យដឹងថា លោកនឹងបញ្ជាឲ្យមន្ទីររ៉ែថាមពលធ្វើកំណត់ហេតុដកហូតវត្ថុតាង ប្រគល់ជូនតំណាងអេយ្យការតុលាការខេត្តដើម្បីចោទប្រកាន់ទៅតាមច្បាប់ ៕ មាស សុផាត