ខេត្តរតនគិរី ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីឪពុកម្ដាយបាត់កូនស្រី ហើយដើររកក៏ប្រទះឃើញសពកូន នៅក្នុងគុម្ភស្មៅក្បែរផ្ទះ ទាំងអាក្រាតកាយ។
ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកព្រលឹម ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្បែរផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី សពក្មេងមានឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជនជាតិគ្រឹង ជាសិស្សរៀននៅថ្នាក់ទី១២A នៃសាលាវិទ្យាល័យ ហ៊ុនសែន ភូមិថ្មី ដែលមានឪពុកឈ្មោះស៊ុត អាត់ និងម្ដាយឈ្មោះ ប្រាង សល់ មានលំនៅភូមិ ឃុំកើតហេតុខាងលើ។
តាមការរៀបរាប់ពីឪពុកសពក្មេងស្រីឈ្មោះ ស៊ុត អាត់ បានឲ្យដឹងថា ជាធម្មតាកូនស្រីគាត់ចេញពីរៀនគួរ នៅម៉ោង៧យប់ ហើយកូនស្រីគាត់គេងនៅក្នុងតូបលក់ចាបហួយ មិនទៅគេងនៅផ្ទះធំទេ។ នៅយប់កើតហេតុ ថ្ងៃទី០១ ខែកម្ភៈ កូនស្រីគាត់ចេញពីរៀនគួរមកផ្ទះធម្មតា ហើយកូនប្រុសគាត់ ត្រូវជាប្អូនសព បានមកតូបចាប់ហួយមុខផ្ទះ ជាកន្លែងកូនស្រីរបស់គាត់គេង តែមិនឃើញបងស្រីគេទេ ឃើញតែម៉ូតូ ភ្លើងបន្ទប់បើក ហើយទ្វារចំហរ ពេលនោះកូនប្រុសគាត់ ក៏ខ្ទាស់គន្លឹសទ្វារពីក្រៅ រួចជិះម៉ូតូបងស្រីយកទៅផ្ទះធំ។ លុះវេលាម៉ោង៣ ទាបភ្លឺ ត្រូវនិងថ្ងៃទី០២ ខែកម្ភៈ ឆ្នាំ២០១៨ គាត់និងប្រពន្ធ ក្រោកទៅលក់បន្លែ គ្រាដែលគាត់ចេញពីផ្ទះធំ មកដល់តូបលក់ចាបហួយមុខផ្ទះ ដែលជាកន្លែងកូនស្រីគាត់គេងស្រាប់តែឃើញភ្លើងបន្ទប់ភ្លឺ ទ្វារបន្ទប់ខ្ទាស់ពីក្រៅ ហើយមិនឃើញកូនស្រីគាត់ទេ គាត់សង្ស័យ ក៏នាំប្រពន្ធដើររកកូននៅក្បែរៗនោះ ស្រាប់តែប្រទះឃើញកូនស្រីដេកស្លាប់ទាំងមិនមានសម្លៀកបំពាក់ ក្នុងគុម្ភស្មៅខាងកើតតូបចាបហួយ ចម្ងាយប្រមាណជាជាង២០ម៉ែត្រពីតូប ខណៈនោះគាត់ក៏បានយកសំលៀកបំពាក់ មកស្លៀកពាក់ឲ្យកូន រួចទូរស័ព្ទទៅប្ដឹងនគរបាលប៉ុស្តិ៍សង្កាត់កាចាញតែម្ដង។
ក្រោយពីបានសេចក្ដីរាយការណ៍ លោក ហាក់ ហ័ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ក៏បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ធាន ចុះដល់កន្លែងកើតហេតុភ្លាមៗ ពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសព ក្មេងស្រីរង្គ្រោះ។
បន្ទាប់ពីលោកគ្រូពេទ្យបង្អែកខេត្ត បានពិនិត្យ និងធ្វើកោសល្យវិច្ច័យ លោក យឹម សារ៉េត នាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការរដ្ឋានខេត្ត បានឲ្យដឹងថា សពក្មេងស្រីរង្គ្រោះស្លាប់ដោយសារ គេសង្កត់ក ពីក្រោយផ្កាប់មុខទៅនឹងដី ដាច់ខ្យល់ស្លាប់ ក៏ប៉ុន្តែរំលោភមិនបានសម្រេចទេ។ លោក យឹម សារ៉េត បានបញ្ជាក់ទៀតថា ក្នុងករណីនេះ សពក្មេងស្រី ត្រូវបាត់ ខ្សែក ខ្សែដៃផ្លាកទីន និងទូរស័ព្ទដៃមួយគ្រឿងម៉ាកសាំសុងទៀតផង។
ក្រោយពីពិនិត្យជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យលើសពរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃពីជនជាតិដើមភាគតិច។ ហើយសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត ដើម្បីឈានទៅរកការចាប់ខ្លួនឃាតក យកមកផ្ដន់ទាទោសតាមច្បាប់។
សូមរម្លឹកថាកាលពីថ្មីៗពេលកន្លងទៅមានករណីរំលោភ២ករណីផ្សេងទៀតដែលសមត្ថកិច្ចមិនទាន់បានឃាត់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ។
ករណីទី១៖យុវតីម្នាក់ត្រូវបានជនល្មោភកាម រំលោភសម្លាប់យ៉ាងអាណោចអធ័ម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៧និង១០នាទី នៅចំណុចក្បែររោងចំការ របស់ឈ្មោះ សួង សុខលី ស្ថិតនៅភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីឈ្មោះ ខាំឡា កេល ត្រូវជាឪពុកជនរងគ្រោះ ថាមានករណី ឃាតកម្ម រំលោភសម្លាប់ ជនរងគ្រោះឈ្មោះ ក ល ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជាសិស្សរៀននៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ហើយបានជួលផ្ទះស្នាក់នៅ ដោយមានការឧបត្ថមចេញថ្លៃស្នាក់នៅពីអង្គការ អាយ ដាល សង្គ្រោះជនក្រីក្រជនជាតិដើមភាគតិច។
យោងតាមសម្តីរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ព្រឹក ឪពុកជនរងគ្រោះបានទូរស័ព្ទ ទៅជនរងគ្រោះតែមិនចូល ហើយគិតថាកូនជាប់រវល់រៀន។ លុះដល់ថ្ងៃទី២៤ មានអ្នកច្រូតសណ្ដែកបានថតរូប ម៉ូតូ យកមកអោយឪពុកជនរងគ្រោះមើល ពេលឃើញម៉ូតូ ឪពុកជនរងគ្រោះស្គាល់ម៉ូតូក៏នាំគ្នាមកមើល ហើយបានរកឃើញសាកសពជនរងគ្រោះ ទើបរាយការណ៍មកសមត្ថកិច្ចតែម្ដង។
ករណីទី២៖ក្មេងស្រី២នាក់មិនទាន់គ្រប់អាយុ ត្រូវមន្ត្រីនគរបាលម្នាក់លួងលោមយកទៅផ្ទះសំណាក់បានសម្រេច ដោយសន្យាថា ទិញខ្សែក និងទូរស័ព្ទដៃឲ្យម្នាក់មួយ តែផ្ទុយទៅវិញ ក្រោយពេលបានសម្រេច ទិញទូរស័ព្ទឲ្យម្នាក់មួយហើយដកយកវិញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ក្មេងស្រីទាំង២នាក់ដែលត្រូវល្បួងទៅផ្ទះសំណាក់នោះរួមមានទី១- ឈ្មោះ ព ច ន អាយុ ១៣ឆ្នាំ ជនជាតិច្រាយ និងទី២- ឈ្មោះ ស ល អាយុ១២ឆ្នាំ ជនជាតិច្រាយដូចគ្នា ក្មេងស្រីទាំង២ មានទីលំនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ចំណែកមន្ត្រីនគរបាល ដែលលួងលោមក្មេងស្រីទាំង ២នាក់យកទៅរំលោភនោះ មានឈ្មោះ មាស សូភ័ណ្ណ មានទីលំនៅភូមិ ឃុំ ជាមួយក្មេងស្រីខាងលើ ជាមន្ត្រីនគរបាលអធិការស្រុកអូរយ៉ាដាវ។
បើតាមការឲ្យដឹងពីក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ ជាធម្មតាពួកនាងតែងតែទៅផ្ទះលោក មាស សូភ័ណ្ណ ដែលមានផ្ទះនៅជិតគ្នាជួយធ្វើការងារផ្ទះស្ទើររៀងរាល់ថ្ងៃ ដោយទទួលបានប្រាក់ក្នុង១ខែ៥ម៉ឺនរៀល។ ហើយនៅថ្ងៃកើតហេតុនោះ លោក មាស សូភ័ណ្ណ បានលួងលោមនាងថា ទៅខេត្ត(ក្រុងបានលុង)ជាមួយគ្នាម្នាក់មួយខ្សែ និងទូរស័ព្ទដៃឲ្យម្នាក់មួយ។ រហូតដល់រសៀលប្រមាណជាម៉ោង៣រសៀល លោកនគរបាលរូបនោះ ក៏ឈប់ឡានចាំនៅក្រៅភូមិ ហើយណាត់ឲ្យក្មេងស្រីទាំង២ដើរកាត់ក្រោយភូមិទៅជួបគ្នា។ ពួកនាងបានបន្តថា ក្រោយពីដឹកនាងទៅដល់ក្រុងបានលុងលោក ភ័ណ្ណ ក៏នាំពួកនាងចូលផ្ទះសំណាក់ ក៏ប៉ុន្តែនាងមិនស្គាល់យីហោផ្ទះសំណាក់នោះទេ។ ពួកនាងបានបញ្ជាក់ទៀតថា ក្រោយពីរំលោភបានសម្រេចទាំង២នាក់ហើយ លោក មាស សូភ័ណ្ណ បាននាំនាងទៅផ្សារ ទិញទូរស័ព្ទដៃឲ្យម្នាក់មួយ លុះជិះឡានត្រឡប់មកវិញដល់ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ មិនទាន់ដល់ភូមិឡំផង លោក ភ័ណ្ណ នេះទម្លាក់ពួកនាងចោល ហើយដកយកទូរស័ព្ទដែលទិញឲ្យម្នាក់មួយនោះ យកវិញទាំងអស់។
លោក ពូយ ស្រាក់ ជាឪពុកក្មេងស្រីឈ្មោះ ពូយ ចន្ទ្រា បានរៀបរាប់ថា ដោយបាត់កូនដល់យប់ មិនឃើញកូនមកផ្ទះ ក៏ផ្អើលឆោឡោនាំគ្នាដើររកកូនស្រី រហូតដល់ម៉ោង១០យប់ថ្ងៃដដែល ទើបរកឃើញក្មេងស្រីទាំង២នាក់នៅភូមិប៉ក់តូច ដែលនៅចម្ងាយប្រមាណជាជាង ២គីឡូម៉ែត្រ ពីភូមិឡំ។
លោកបន្តថា ក្រោយពីបានសាកសួរកូនស្រីអំពីដំណើររឿងរួច គាត់ក៏បានដាក់ពាក្យបណ្ដឹង ទៅភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាល ឃុំប៉ក់ធំ ក៏ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនជនប្រព្រឹត្តទេ។ ខាងភូមិ ឃុំ និងប៉ុស្តិ៍ បានឲ្យក្រុមគ្រួសារគាត់ធ្វើការសម្របសម្រួលគ្នាជាមួយប្រពន្ធលោក មាស សូភ័ណ្ណ ជាជនល្មើស ដោយពួកគាត់ទាំង២គ្រួសារជាអាណាព្យាបាលក្មេងទាំង២ ទាមទារក្នុងម្នាក់៦ពាន់ដុល្លារ ស្មើនឹង១ម៉ឺន២ពាន់ដុល្លារ។ លោក ពូយ ស្រាក់ បានបញ្ជាក់ប្រាប់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នេះថា បច្ចុប្បន្ន ពួកគាត់ទាំង២គ្រួសារ បានទទួលប្រាក់សំណងចំនួន៦ពាន់ដុល្លារ ក្នុងក្មេងស្រីម្នាក់គ្រប់ចំនួនហើយ។
ដោយឡែកលោក មាស សូភ័ណ្ណ មន្ត្រីនគរបាលអធិការស្រុកអូរយ៉ាដាវ អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺណាមួយបានទេ ដោយទូរស័ព្ទមិនចូល ជួនកាលទូរស័ព្ទចូលហើយត្រូវគេបិទមិនទទួល។
ជុំវិញករណីខាងលើនេះ លោកស្រីឧត្ដមសេនីយ៍ត្រី កែវ ដាវី ស្នងការរងខេត្តរតនគិរី ទទួលបន្ទុកផ្នែកជួញដូរ និងការពារអនីតិជន(យេនឌ័រ)បានឲ្យដឹងថា ករណីខាងលើនេះ បើទោះជាមានការសម្របសម្រួលគ្នាយ៉ាងណាក៏ដោយ ជនប្រព្រឹត្តខុសច្បាប់ទៅលើក្មេងស្រី ដែលមិនគ្រប់អាយុ (អនីតិជន)ត្រូវតែមានទោស លោកស្រីនឹងស្រាវជ្រាវ កសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ។ ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ លោកស្រីបានឲ្យដឹងតាមទូរស័ព្ទថា ករណីលួងលោមរំលោភលើក្មេងស្រី ២នាក់ខាងលើ បានបញ្ជូនសំណុំរឿងទៅតុលាការហើយ គឺផុតពីដៃលោកស្រីហើយ។ ចំណែកតាមការស្រាវជ្រាវ គឺជាការភាន់ច្រឡំ ករណីខាងលើនេះ ឃើញថាមិនពិតដូចការចោទប្រកាន់ទេ គ្រាន់តែអាណាព្យាបាល បានបាត់កូនហើយធ្វើការចោទប្រកាន់តែប៉ុណ្ណោះ។ បើទោះជាយ៉ាងណា ករណីខាងលើនេះ ត្រូវបានមជ្ឈដ្ឋានទូទៅងឿងឆ្ងល់ថា ហាក់ដូចជាមានអាថ៌កំបាំង បន្ទាប់ពីជនសង្ស័យបានបង់ថ្លៃខូចខាតឲ្យជនរងគ្រោះរួចហើយ បែរជាសមត្ថកិច្ចថារឿងមិនពិតទៅវិញ ៕ សហការី