ភ្នំពេញ៖ មុខសញ្ញាចោរឆក់២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចតែរត់មិនរួច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ទ្រី ចាន់ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅក្នុង សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ឈ្មោះ ឡឹក ប៊ុនណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ដកហូតម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពាក់ស្លាកលេខ ភ្នំពេញ1CS-3165។
ចំណែកជនរងគ្រោះមានឈ្មោះ ឈិ សៅស៊ាន់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន ។
បើតាមសម្ដីពីលោក ហៀង ថារ៉េត អធិការរងនគរបាលខណ្ឌចំការមន បានប្រាប់ឲ្យដឹងថា មុខសញ្ញាចោរឆក់២នាក់ ខាងលើដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននេះក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកហួវ៉ាយជនជាតិបរទេសបានសម្រេច នៅចំណុចកើតហេតុខាងលើ ខណៈជនរងគ្រោះកំពុងតែជិះលើម៉ូតូកង់បី។
បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ បញ្ជូនខ្លួនមកអធិការដ្នាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស រស្មី