ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកលើកដែកទទួលស្គាល់ថាមានជនជាតិវៀតណាមធ្វើស្រែប្រាំងនៅមូលដ្ឋានខ្លួនមែន

ចែករំលែក៖

ខេត្តកណ្ដាល៖ អធិការស្រុកលើកដែក បានបញ្ជាក់ប្រាប់ កាលពីព្រឹកថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០១៨ ថា ពិតជាមានការជួល ដីស្រែ ដោយឧញ៉ាម្នាក់ឈ្មោះ ឡាច ទូច ទៅឲ្យជនជាតិវៀតណាម នៅចំណុចឃុំ កំពង់ភ្នំមែន។

លោក រស់ ចិន្ថា បានប្រាប់ថា បើទោះ បីជារហូតមកដល់ពេលនេះ លោកពុំទាន់ ទទួលបានរបាយការណ៍ពីកម្លាំងរបស់ លោក ដែលត្រូវបានចាត់ឲ្យទៅស្រាវជ្រាវ ចំពោះករណីជនជាតិវៀតណាមជួលដី ខ្មែរធ្វើស្រែប្រាំងក្ដី តែលោកជឿថា រឿង រ៉ាវដែលលោក ឧញ៉ា ឡាច ទូច ជួលដីឲ្យ ជនជាតិវៀតណាមមកស្នាក់នៅនិងធ្វើស្រែ នេះបានកើតមានជាយូរឆ្នាំមកហើយ។

សេចក្ដីថ្លែងនេះបានធ្វើឡើងបន្ទាប់ពី ពលរដ្ឋនៅឃុំកំពង់ភ្នំនៃស្រុកលើកដែក ខេត្តកណ្ដាលបានផ្ទុះប្រតិកម្ម ដោយចោទ ថា លោកឧកញ៉ា ឡាច ទូច បានជួលដី ទំហំរាប់ពាន់ហិកតានៅក្នុងភូមិសាស្ត្រដែល ពួកគាត់រស់នៅទៅឲ្យជនជាតិវៀតណាម ស្នាក់នៅ និងធ្វើស្រែប្រាំងក្នុង១ហិកតា ចាប់ពី១លានទៅ២លានក្នុងមួយឆ្នាំ។ មិន ត្រឹមតែប៉ុណ្ណោះពួកជនជាតិវៀតណាមទាំង នោះក៏បានប្រព្រឹបទល្មើសនេសាទយ៉ាង អនាធិបតេយ្យផងដែរ។

ជុំវិញករណីខាងលើលោក តុប សុវណ្ណ ស្នងការរងទទួលបន្ទុកអន្ដោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលពេល ទូរស័ព្ទចូល ហើយប្រាប់ថា អ្នកយក ព័ត៌មាន លោកឆ្លើយ ច្រឡំឈ្មោះ។ ចំណែក លោកឧកញ៉ា ឡាច ទូច ពេលហៅទូរស័ព្ទ ចូល លោកឆ្លើយថា ជាប់រវល់ណាស់គ្មាន ពេលនិយាយទេ។

ទោះបីជាព័ត៌មាននេះបានបែកធ្លាយ អស់រយៈពេល២សប្តាហ៍មកហើយក៏ដោយ ក៏អាជ្ញាធរខេត្តកណ្តាលធ្វើមិនដឹងមិនឮ ដដែល។ បើគ្រាន់តែចង់ដឹងពីការណ៍ពិត ក្នុងស្រុកលើកដែក គឺអាជ្ញាធរខេត្តកណ្តាល មិនពិបាកស្រាវជ្រាវនោះឡើយ។ ឬមួយ អាជ្ញាធរខេត្តមិនចង់បង្កបញ្ហាជាមួយលោក ឧកញ៉ា ឡាច ទូច សុខចិត្តធីបបណ្តាំរបស់ សម្តេចក្រឡាហោម?

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន អំពាវនាវជាសាធារណៈកុំឲ្យពលរដ្ឋ ក៏ដូច ជាអាជ្ញាធរជួលដីទៅឲ្យប្រជាជននៃ ប្រទេសជិតខាង។ ប៉ុន្តែយ៉ាងណាក៏ដោយគេមិនទាន់ដឹងប្រាកដថា ហេតុអ្វីក៏ឧកញ៉ា ឡាច តូច មានលទ្ធភាពអាចជួលដីទៅឲ្យ ជនជាតិវៀតណាមបានដោយរលូនដូច្នេះ នោះទេ?៕ ហេង នរិន្ទ្រ


ចែករំលែក៖