ភ្នំពេញ៖ ទោះបីជាអាជ្ញាធរខណ្ឌច្បារអំពៅបានកោះហៅម្ចាស់រថយន្តដឹកថ្ម ដឹកដី ដឹកខ្សាច់ និងម្ចាស់ក្រុមហ៊ុនលាយបេតុង មកប្រជុំណែនាំដើម្បីអោយម្ចាស់រថយន្តនិងម្ចាស់ដេប៉ូ ខ្សាច់ក៍ដូចជាម្ចាស់ក្រុមហ៊ុនលាយបេតុងអនុវត្តការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញយ៉ាងណាក៍ដោយ បញ្ហាសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ១ ពិសេសនៅគន្លងផ្លូវសម្រាប់ម៉ូតូបើកបរចាប់ពីសង្កាត់វាលស្បូវមកដល់មុខវត្តនិរោធ នៅតែជាបញ្ហាប្រឈមដដែល ដោយសាតែរថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ ធ្វើអោយធ្លាក់ដី ខ្សាច់ កំទេចថ្ម មកលើគន្លងផ្លូវសម្រាប់អ្នកដំណើរដោយម៉ូតូ ដោយឡែកគម្របលូមួយចំនួនដែនៅពីមុខក្រុមហ៊ុនលាយបេតុងបានបាក់ បែកជាបណ្តើៗហើយបង្កឡើងដោយរថយន្តដឹកថ្មនិងលាយបេតុង ។
ដូចឃើញក្នុងរូបភាពនេះ កំទេចថ្ម ដីខ្សាច់ ដែលធ្លាក់ចេញពីរថយន្តបានគ្របដណ្តប់ចិញ្ចើមផ្លូវមួយចំហៀងលើគន្លងសម្រាប់អ្នកបើកបរម៉ូតូចាប់តាំងពីមុខក្រុមហ៊ុនលាយបេតុង សម្បត្តិមានហេង ស្ថិតក្នុងសង្កាត់វាលស្បូវ រហូតមកដល់ជិតវត្តនិរោធ ។ នៅចំពីមុខច្រកចេញចូលក្រុមហ៊ុនលាយបេតុងសម្បត្តិមានហេងចិញ្ចើមផ្លូវជាតិលេខ១បានបាក់ស្រុតជាបណ្តើរៗហើយដោយសារថយន្តដឹកថ្ម ដឹកខ្សាច់ ធន់ធ្ងន់បើកចេញចូលក្រុមហ៊ុនរៀងរាល់ថ្ងៃ ។ ដោយសារតែមានស្នាមបាក់ស្រុតចិញ្ចើមផ្លូវជាតិ បានធ្វើអោយម្ចាស់ក្រុមហ៊ុនយកកម្ទេចថ្មមកបាចគ្របពីលើកន្លែងបាក់ស្រុតដើម្បីបំភ័ន្តភ្នែកមហាជន ។ ដោយឡែកគម្របលូ២កន្លែងនៅចំពីមុខក្រុមហ៊ុនលាយបេតុង ជីប ម៉ុង ក្នុងភូមិបឹងស្នោ សង្កាត់និរោធ បានបាក់បែក ដោយសាររថយន្តដឹកថ្មចំណុះជិត២០គូប បើកចេញ_ចូលទៅក្នុងក្រុមហ៊ុនគួបផ្សំនិងរថយន្តក្រឡុកបេតុងបើកចេញ_ចូលរៀងរាល់ថ្ងៃផងនោះ បានធ្វើអោយគម្របលូមិនអាចទម្ងន់បានបណ្តាលអោយបែកបាក់តែម្តង ប្រសិនបើអ្នកបើកបរម៉ូតូណាមិនប្រយ័ត្នប្រាកដជាជួបគ្រោះមិនខានឡើយ ។ ចំនុចមួយទៀតដែលប្រឈមមុខហ្នឹងគ្រោះថ្នាក់គ្រប់ពេលវេលាដែរនោះ គឺនៅពីមុខដេប៉ូអេតចាយដែលជាច្រកចេញចូលររបស់រថយន្តដឹកខ្សាច់ធន់ធ្ងន់ដឹកចេញពីដេប៉ូនៅបឹងស្នោរ យកទៅចាក់បំពេញនៅតាមការដ្ឋាននានា ។
នៅចំពីមុខច្រកចេញចូលដេប៉ូខ្សាច់ ពោពេញទៅដោយដីខ្សាច់ធ្លាកគ្របមកលើចិញ្ចើមផ្លូវធ្វើអោយអ្នកបើកបរម៉ូតូមិនហ៊ានបើកឆ្លងកាត់ឡើយព្រោះប្រឈមមុខគ្រោះថ្នាក់ចរាចរគ្រប់ពេលវេលា ។
ផ្តើមចេញពីរថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ និងលាយស៉ីម៉ងត៍ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈចាប់ពីសង្កាត់វាលស្បូវ មកដល់មុខវត្តនិរោធ បានធ្វើអោយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១តំបន់ច្បារអំពៅរិះគន់ទៅលើក្រុមហ៊ុនលាយបេតុង រិះគន់ម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ និងមួយផ្នែកទៀតរិះគន់ទៅលើអាជ្ញាធរសង្កាត់_ខណ្ឌដែលខ្វះការទទួលខុសត្រូវលើការងារគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ។ ជាសំណូមពរសូមអោយគណៈបញ្ជាការឯកភាពសង្កាត់_ ខណ្ឌចាត់វិធានការទៅម្ចាស់រថយន្ត ម្ចាស់ដេប៉ូខ្សាច់ និងម្ចាស់ក្រុមហ៊ុនលាយបេតុង ដែលនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅអោយបានតឹងរ៉ឹង បើនៅតែយកមនោសញ្ចេតនាធំជាងវិធានការច្បាប់ អាជ្ញាធរខណ្ឌប្រាកដជាអង្គុយចាំតែបក់ផ្សែងរៀងរហូត ៕ សណ្តោស