ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងបង្កអគ្គិភ័យឆេះផ្ទះមួយខ្នងអស់ទាំងស្រុងនៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ កាលពី​វេលា​ម៉ោង២៣និង២០នាទីថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ មាន​ករណី​អគ្គិភ័យ ឆេះ​ផ្ទះ១ខ្នង សង់​ពី​ឈើ​ប្រក់​ស័ង្កសី សង់​ផ្ទាល់​ដី​ទំហំ ៥ម៉ែត្រ​គុណ៨ម៉ែត្រ ឆេះ​ម៉ត់ និង​ខូចខាត​សម្ភារៈ១ចំនួន ស្ថិត​ក្នុងភូមិ១ ឃុំ​ត្រពាំង​ច្រែស ស្រុក​កូន​មុំ។

នគរបាល ចុះជួយ​អន្តរាគមន៍​ដែរ តែ​មិន​អាចជួយ​ពន្លត់ភ្លើង​បានទេ ពោលគឺ​ស្ថានភាព​ភ្លើង​ឆេះ​ខ្លាំង ខូ​ត​ខាត​ទាំងស្រុង​តែម្តង។

នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ច្រែស ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ម្ចាស់ផ្ទះ​រងគ្រោះ​មាន ឈ្មោះ ទឹម សុខុំ ភេទ​ប្រុស អាយុ៥២ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ។

ក្រុម​ជួយ​អន្តរាគមន៍ បញ្ចេញ​រថយន្ត​បាញ់​ទឹក១គ្រឿង ចំណាយ​ទឹក​អស់៦០០០លីត្រ មិនអាច​គ្រប់គ្រង ស្ថានការណ៍​បាន​ហើយ ការឆេះ​នេះ​បណ្តាល មកពី​ទុស្សេ​ខ្សែភ្លើង។

នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ច្រែស បន្ថែម​ឲ្យ​ដឹង​ទៀតថា សម្ភារខូចខាត​រួមមាន គោយន្ត​កន្ត្រៃ១គ្រឿង, ម៉ាស៊ីន​បាញ់​ស្មៅ២គ្រឿង, តុមូល២សន្លឹក, តុ​ធម្មជាតិ១០សន្លឹក និង​កង់១រួម​សម្ភារ ផ្ទះបាយ​មួយចំនួនទៀតផងដែរ៕ ជីវន្ត


ចែករំលែក៖