ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានតានូរងការខូចខាតទ្រុឌទ្រោមស្ទើរទាំងស្រុង ខណៈប្រជាពលរដ្ឋ សិស្សានុសិស្សពិបាកក្នុងការឆ្លងកាត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដែលធ្វើដំណើរឆ្លងកាត់ស្ពានតានូដែលស្ថិតនៅភូមិតានូ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប មានការត្អូញត្អែរយ៉ាងខ្លាំង ខណះស្ពាននេះមានការទ្រុឌទ្រោមស្ទើរទាំងស្រុងដោយ ស្ពានបាក់ក្តារ មានប្រហោងធំៗ ពេលធ្លងកាត់ស្ពានម្តងៗ គឺញ័រទទ្រើត បើសិនមិនប្រយ័ត្នប្រហែលជា ផុងធ្លាក់ទឹករ និងអាចគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ តាមផ្លូវស្ពាននេះទៀតផង។

បើតាមប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស ក៏ធ្លាប់ បានសំណូមពរដល់អាជ្ញាធរខេត្ត មេត្តាជួយសាងសង់ស្ពានថ្មីមួយនេះឡើងវិញ ព្រោះពួកគាត់កំពុងជួបការលំបាកយ៉ាងខ្លាំង ពេលធ្វើដំណើរ ឬដឹកកសិផល មកកាន់លំនៅដ្ឋាន នេះជាបញ្ហាប្រឈមរបស់ពួកគាត់ ដូច្នេះអាជ្ញាធរខេត្ត មានវិធានការជាបន្ទាន់ជួយពលរដ្ឋបានភ្លាមៗ ឆ្លើយតបតាមយុទ្ធសាស្ត្រ ចតុកោណ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋានទាំងអស់ទូទាំងប្រទេស។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ស្ពានដែលខូច និងទ្រុឌទ្រោមមានឈ្មោះថា ស្ពានតានូ មានទីតាំង ស្ថិតនៅភូមិតានូ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ស្ពាននេះ មានប្រវែង២៥ម៉ែត្រ និងទទឹង៤,៥០ម៉ែត្រ កសាងឡើងកាលពីឆ្នាំ១៩៧៩-១៩៨០ ដោយប្រជាពលរដ្ឋទាំងអស់គ្នា បានធ្វើការកសាងស្ពាន ដោយធ្វើអំពីដើមត្នោត លុះដល់ឆ្នាំ១៩៩៦ ស្ពាននេះមានការខូចខាត ហើយមានមូលនិធិរួមគ្នាមកធ្វើការកសាងធ្វើអំពីឈើ។

ប្រជាពលរដ្ឋ បានបន្ដទៀតថា រហូតមកដល់បច្ចុប្បន្ននេះ មានការខូចខាតទ្រុឌទ្រោមស្ទើរទាំងស្រុង ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្ស ពិបាកធ្លងកាត់មករៀន មានការយឺតយ៉ាវ ជាពិសេសពេលប្រជាពលរដ្ឋ ដឹកកសិផលមកលក់នៅទីផ្សារ ត្រូវតាមផ្លូវវៀងឆ្ងាយ ដោយចំណាយថវិកាច្រើន ខាតពេលវេលាទៀតផង។

ប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្សសំណូមពរ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់មេត្តាជួយកសាងស្ពានថ្មីនេះ ឲ្យបានល្អដើម្បីងាយស្រួល ក្នុងការធ្វើដំណើររបស់ពួកគាត់ និងដើម្បីកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋក៏ដូចសិស្ស សាលា ងាយស្រួលធ្វើដំណើរទៅសិក្សាផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះ អាជ្ញាធរស្រុកស្វាយទាប ធ្លាប់បានឲ្យអ្នកសារព័ត៌មានឲ្យដឹងថា កន្លងមកអាជ្ញាធរធ្លាប់ បានចុះពិនិត្យដល់ទីកន្លែងដែរ ប៉ុន្តែស្រុកគ្មានលទ្ធភាពកសាងស្ពានថ្មីនេះ ទេ ដោយបានរាយការណ៍ ដល់ថ្នាក់ខេត្តដែរ ប៉ុន្តែខាងខេត្តមិនទាន់ឆ្លើយតបនៅឡើយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្សជួបការលំបាកយ៉ាងខ្លាំង ហើយធ្លាប់បាន សំណូមពរ ជាច្រើនលើក ច្រើនសាររហូត សំណូមពរតាមវេទិការសាធារណៈជាញឹកញាប់ រហូតដល់ពេលនេះ គ្មានមន្ត្រីជំនាញ ឬលោកអ្នកធំណាចុះមើលម្ដងណាឡើយ។

ពលរដ្ឋ និងសិស្សានុសិស្ស បានឲ្យដឹងទៀតថា កន្លងមកធ្លាប់មានខាងជំនាញគេ ចុះពនិត្យដែរ តែមិនទាន់ឃើញស្ថាបនានោះទេ ឥឡូវឃើញដាក់ក្តាបន្ទះបន្តិចបន្តួតប៉ុណ្ណោះ គឺនៅតែប្រឈម និងគ្រោះថ្នាក់ដដែល ពិសេសធ្វើដំណើរពេលយប់។

បើតាមលោក ឡឹក កង មេឃុំកណ្តៀងរាយ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ស្ពានតានូនេះ បានដាក់សំណើរ ទៅហើយ ក៏មានការឯកភាពពីសម្តេចតេជោហើយដែរ តែរហូតមកដល់ពេលនេះស្ងាត់ឈឹង ហើយនៅពេលថ្មីៗនេះ អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ធ្វើការជុសជុលដែរ តែមិនអាចធានា បានទេមានការពិបាកណាស់។

ចំពោះលោកម៉ែនសារ៉ាន់អភិបាលស្រុកស្វាយទាបនគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ នារសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពាក់ពន្ធ័នឹងស្ពានតានូខាងលើនេះ ៕ យឹម សុថាន


ចែករំលែក៖