ខេត្តប៉ៃលិន៖ ជាទូទៅឲ្យតែមានពិធី តាំងពិព័រណ៍ដាក់តាំងមុខទំនិញម្តងៗប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីបាននាំគ្នាទៅទិញសម្លៀកបំពាក់ ម្ហូបអាហារ និងនំ ចំណីយកមកទទួលទានតែពួកគាត់មិន បានចាប់អារម្មណ៍ពីមុខទំនិញមួយចំនួនធំ គឺសុទ្ធសឹងខូចគុណភាព និងហួសកាល បរិច្ឆេទប្រើប្រាស់ ដែលគេដាក់លក់បន្លំនៅក្នុងកម្មវិធី ។
ជាក់ស្តែងកាលពីយប់ថ្ងៃចន្ទ ៥រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅមានពិធី តាំងពិព័រណ៍ ក្នុងភូមិក្បាលព្រលាន សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិនគេសង្កេតឃើញប្រជាពលរដ្ឋខេត្តប៉ៃលិនក្មេងចាស់ប្រុសស្រីយ៉ាងច្រើនបាននាំគ្នាសម្រុកទៅទិញទំនិញក្នុងពិធីនោះ ខណៈដែលគេប្រទះឃើញគ្រឿងបរិភោគមួយចំនួនសុទ្ធសឹងតែហួសកាលបរិច្ឆេទប្រើប្រាស់ ។
ការដាក់តាំងមុខទំនិញលក់ពេលរាត្រីនេះគេបានធ្វើឡើងរយៈពេល១សប្តាហ៍ មកហើយដោយចាប់តាំងពីយប់ថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ទើបរើតូបទៅវិញ ហើយការលក់ដូរនេះមានគេដាក់ផលិត ផលរបស់ខ្មែរ និងមានជនជាតិថៃលក់ដូរ ផងដែរ ។
ប្រជាពលរដ្ឋថា ការដាក់លក់ផលិត ផលបែបនេះគួរតែខាងមន្ត្រីជំនាញចុះត្រួតពិនិត្យមើលឲ្យបានត្រឹមត្រូវសិនចាំអនុញ្ញាតឱ្យអាជីវករយកទំនិញរបស់ខ្លួនមកតាំងលក់ដូចនេះ ព្រោះថាទំនិញហួសកាលបរិច្ឆេទធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋ ។
លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជ កម្មខេត្តធ្លាប់បានថ្លែងថា ខេត្តប៉ៃលិនក្នុង១ ឆ្នាំៗបានបើកលក់ទំនិញពេលរាត្រី ឬការតាំងពិព័រណ៍២ទៅ៣ដងដោយមានទំនិញមកពីប្រទេសថៃ និងខ្មែរយើងរួមគ្នាផងដែរហើយមុននឹងដាក់ឱ្យលក់ដូរខាងមន្ត្រីលោកតែងតែត្រួតពិនិត្យមើលជាមុនបើសិនជាមានទំនិញហួសកាលបរិច្ឆេទគឺមិនអនុញ្ញាត ឱ្យលក់ដូរនោះឡើយ ។
តែយ៉ាងណាក៏ដោយចំពោះករណីប្រជាពលរដ្ឋប្រទះឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ដាក់តាំងលក់ក្នុងពិធីតាំងពិព័រណ៍នេះ មិនដឹងថា មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនភ្លេចពិនិត្យ ឬយ៉ាងណា? ៕ ហេង សូរិយា