ភ្នំពេញ៖ ក្រោយបញ្ចប់ការសួរដេញដោល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ តុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺផ្តន្ទាទោស លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ២ឆ្នាំ៦ខែដដែល ។ នេះជាការសម្រេចបិទផ្លូវតវ៉ា។
គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់ ពន្ធនាគារ រយៈពេល ២ឆ្នាំ ៦ខែ និង ពិន័យ ជា ប្រាក់ ចំនួន ៤លាន រៀល ក្រោម ការ ចោទប្រកាន់ ចំនួន ពីរ បទល្មើស ។
តុលាការ រក ឃើញ ថា លោក អ៊ុំ សំអាន មាន ចេតនា បង្ក ភាព វឹកវរ ធ្ងន់ ធ្ងរ ដល់ សន្តិសុខ សង្គម និង ញុះញង់ ឱ្យមាន ការ រើសអើង ជាតិសាសន៍ តាម រយៈ ការ សរសេរ និង អត្ថាធិប្បាយ ពាក់ព័ន្ធ ផែនទី សន្ធិសញ្ញា ព្រំដែន កម្ពុជា វៀតណាម ។
លោក អ៊ុំ សំអាន ជាប់ចោទចំនួន ពីរ បទល្មើស គឺ បទ ញុះញង់ ឱ្យ ប្រព្រឹត្ត បទឧក្រិដ្ឋ ជា អាទិ៍ បង្ក ភាព វឹកវរ ធ្ងន់ ធ្ងរ ដល់ សន្តិសុខ សង្គម និង បទ ញុះញង់ ឱ្យ មាន ការ រើសអើង តាម មាត្រា ៤៩៥ និង ៤៩៦ នៃ ក្រម ព្រហ្មទណ្ឌ ដែល ប្រព្រឹត្ត នៅ ចំណុច រាជធានី ភ្នំពេញ និង ព្រះរាជាណាចក្រ កម្ពុជា កាលពី អំឡុង ឆ្នាំ ២០១៥ រហូត ដល់ ថ្ងៃ ទី ១០ ខែ មេសា ឆ្នាំ ២០១៦ ៕ចេស្តា