ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះផ្ទេរប្រាក់ទ្រូម៉ានីមានករណីប្លន់ប្រដាប់អាវុធមិនបានសម្រេច ត្រូវបានផ្អើល កំលាំងសមត្ថកិច្ចគ្រប់អង្គភាពចេញប្រតិបត្តិការគ្រប់ច្រកល្ហក។
ការចេញប្រតិបត្តិការរបស់សមត្ថកិច្ចនេះបន្ទាប់ពីទទួលបានព័ត៌មានថា មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងនៅទីតាំងផ្ទេរប្រាក់ទ្រូម៉ានី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 3រសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះផ្ទេរប្រាក់ទ្រូម៉ាន់នី មួយកន្លែង យីហោ ហួត សុវណ្ណារឹទ្ធ ស្ថិតក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យម្នាក់ ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ មានភិនភាគសម្បុរស មុខវែង ចង្កាព្រែក សក់ត្រង់បាស់លាប ពណ៌ក្រហម-លឿង កម្ពស់ប្រហែល ១.៧០ សម ពាក់អាវយឺត ពណ៌ទឹកក្រូចដៃខ្លី ជិះម៉ូតូ ០១ គ្រឿង ម៉ាក MIO (មីអូ) ពណ៌ស ប្រដាប់ដោយអាវុធខ្លី ០១ ដើម (មិនស្គាល់ម៉ាក) បានធ្វើសកម្មភាពយកអាវុធដាក់លើតុគំរាមទារប្រាក់ពីជនរងគ្រោះឈ្មោះ សុខ ស្រីនឿន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅចំណុចកើតហេតុខាងលើ ពុំបានសម្រេច រួចក៏ជិះម៉ូតគេចខ្លួនបាត់ ។
បើតាមការអះអាងពីស្ត្រីរងគ្រោះបាននិយាយថា ដំបូងជននេះបានដើរចូលមកសុំដកប្រាក់តាមរយៈទ្រូម៉ានី ដែលមានចំនួន២៥លានរៀល។ នៅពេលដែលគាត់ជាម្ចាស់ផ្ទះសួររកលេខកូដ បែរជាជននេះឆ្លើយថាអត់មានទេ ព្រមទាំងបានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកដក់នៅលើតុខាងមុខជនរងគ្រោះ ដោយឃើញសភាពការណ៍ ដូច្នេះគាត់(ស្ត្រីរងគ្រោះ)បាននិយាយសម្រួលថា បើចង់បានប្រាក់ចាំខ្លួនតេទូរស័ព្ទឲ្យបងយកមកឲ្យ ព្រោះលុយវាច្រើន ។
ប្រភពពន្តថា ភ្លាមៗនោះ ជនសង្ស័យបានសួរថា បងប្រុសនៅឯណា ហើយគាត់ធ្វើអ្វី ទើបគាត់(ម្ចាស់ផ្ទះ)បានឆ្លើយថា គាត់នៅខាងក្រោយផ្ទះ ហើយគាត់ជាមន្ត្រីប៉េអឹម គ្រាន់តែឮពាក្យនេះភ្លាម ជនសង្ស័យបានដើរតម្រង់ទៅម៉ូតូហើយជិះចេញទៅបាត់ ។
ពាក់ព័ន្ធករណីមួយនេះ បានធ្វើឲ្យសមត្ថកិច្ចខ្វែងដៃ ខ្វែងជើងតាមរកមុខសញ្ញា ដោយរហូតដល់ពេលនេះ ហាក់ដូចជាមិនទាន់មានតម្រុយនៅឡើយ ហើយករណីនេះប្រហាក់ប្រហែលទៅនឹងករណីប្លន់នៅទូមាសផ្សារណាត់ ខេត្តបាត់ដំបង កាលពីអំឡុងខែមុនយ៉ាងដូច្នេះដែរ ៕ សំ វិច្ឆិកា