ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលមិនលើកលែងទៀតទេបញ្ហារថយន្តតទ្រុងបំផ្លាញផ្លូវ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃសុក្រ ៩ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ បាន ព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង១២កណ្តាលអធ្រាត្រថ្ងៃទី៩ ខែកុម្ភៈតទៅនឹងមិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេសបើកបរលើដងផ្លូវ តទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជ រដ្ឋាភិបាលខិតខំសាងសង់ទាំងលំបាក ។

ជាមួយគ្នានេះសម្តេចតេជោក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានី-ខេត្ត ណាដែលអនុវត្តការងារនេះមិនបានចេញពីតំណែងផងដែរបើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត ។

ការព្រមានខ្លាំងៗបែបនេះរបស់សម្តេច តេជោធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ គម្រោង សាងសង់ស្ពាន និងផ្លូវនេះគ្រោងចំណាយថវិកាជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ដោយចំណាយ ពេលប្រមាណ៤២ខែ ។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា «រឿងកាត់រថយន្តត ខ្ញុំសុំបញ្ជាក់ចាប់ពីម៉ោង ០០នាទីយប់នេះទៅរថយន្តតទ្រុងទាំង ប៉ុន្មានមិនត្រូវមានវត្តមានលើផ្លូវទេ បើមាន វត្តមានលើផ្លូវនៅក្នុងខេត្តណា ស្រុកណា ចៅហ្វាយខេត្តនោះ ចៅហ្វាយស្រុកនោះ ត្រូវទទួលខុសត្រូវ។ ចាប់ទុកទាំងអស់ចាប់ កាត់ទាំងអស់ អត់មានលែង ឥឡូវខេត្ត នីមួយៗស្រុកមួយៗពង្រាយគ្នាទទួលខុសត្រូវខ្ញុំនឹងតាមមើល ហើយអស់លោកកុំ ភ្លេចដឹងដៃ ហ៊ុន សែន ហើយបើចង់ដក ចៅហ្វាយខេត្តដកត្រឹមតែ២៤ម៉ោងទេ បើចង់ដកចៅហ្វាយស្រុកត្រឹមតែ១៥នាទីប៉ុណ្ណោះ» ។

សម្តេចតេជោបានបន្តថា ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះមានម្ចាស់ក្រុមហ៊ុនតវ៉ាឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យ ម្ចាស់រថយន្តទាំងអស់យករថយន្តតទ្រុង ខុសបច្ចេកទេសទៅកាត់ទ្រុង ហើយបើ កាត់មិនទាន់មិនត្រូវយកឡើងលើផ្លូវនោះឡើយ ។

សម្តេចតេជោបានបន្ថែមថា រថយន្តដែល តទ្រុងខុសបច្ចេកទេសនេះភាគច្រើនជា រថយន្តដឹកស៊ីម៉ងត៍ ដឹកដែក ដឹកគោ និង ដឹកដំឡូងមីជាដើម។ សម្តេចថា រថយន្ត ទាំងនេះបានធ្វើឲ្យខូចផ្លូវខ្លាំងណាស់ ។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជានាពេលបច្ចុប្បន្នមានមនុស្សស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងពេលប្រទេសកើតសង្គ្រាមទៅទៀត។ ដើម្បីលុបបំបាត់បញ្ហានេះសម្តេចតេជោ បានអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ជាពិសេសអ្នកបើកបរត្រូវមានការប្រុង ប្រយ័ត្នខ្ពស់នៅពេលបើកបរ។ សម្តេច តេជោប្រកាសដាក់ចេញយ៉ាងម៉ឹងម៉ាត់បំផុតចំពោះការដឹកជញ្ជូនលើសទម្ងន់។ ក្នុងនោះ សម្តេចបញ្ជាឲ្យហៅរាល់ក្រុមហ៊ុនទាំង អស់មកនិយាយគ្នា ហើយបើគេមិនព្រម បញ្ឈប់ការដឹកលើសទម្ងន់ទេត្រូវបិទក្រុមហ៊ុននោះចោលតែម្តង ។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា «អារឿងរថយន្តដឹកលើសទម្ងន់នេះខ្ញុំដាក់ចេញនូវបទបញ្ជាអនុវត្តឲ្យបានម៉ឺងម៉ាត់ បំផុតក្រុមហ៊ុនណាដែលដឹកជញ្ជូនលើសទម្ងន់យើងប្រជុំក្រុមហ៊ុនទាំងអស់ហៅមកនិយាយគ្នា បើសិនជាមានយើងអាចចាប់ រថយន្តហើយយើងអាចបិទក្រុមហ៊ុនចោល បើទោះជាមានការតវ៉ាក្តីបិទសិនទៅ ព្រោះអ្នកឯងសម្លាប់មនុស្សអស់ប៉ុន្មានអ្នកឯង បំផ្លាញផ្លូវអស់ប៉ុន្មាន បើអ្នកឯងមិនកែខ្ញុំបិទ ក្រុមហ៊ុនចោល» ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាល បានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣.៦៥៧គ្រឿង (១គ្រឿងអាចពិនិត្យ ច្រើនជាងមួយដង) ក្នុងនោះមាន២.៩៥៣ គ្រឿង ដឹកលើសចាប់ពី៤តោនរហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ ចំនួន៥.៧៧៨.៨២០.០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន២៣.៦៧៨គ្រឿង បានកាត់ ទ្រុងចេញ១.២១៥គ្រឿង បានអប់រំណែនាំ ៥៤៥គ្រឿង និងដោះរានតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងរថយន្ត យានដ្ឋានជួសជុលមានយានដ្ឋានសរុប៣.០៦០ (១.៨១៩មាន ច្បាប់)យានដ្ឋានកែច្នៃដំឡើងមាន១៧៧ យានដ្ឋាន (មានច្បាប់១២៩) ៕ ហេង សូរិយា


ចែករំលែក៖