ខេត្តមណ្ឌលគិរី៖ ក្រោយផឹកស៊ីស្រវឹងជោកជាំបុរសម្នាក់បានកាប់ប្រហារដៃគូក្នុងវង់ទឹកស៊ីផឹក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្ដុំសមុទ្រឈើស្ថិតក្នុងភូមិឡៅការក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលរងការកាប់ប្រហារបណ្ដាលឲ្យស្លាប់ភ្លាមៗនោះ ឈ្មោះ ភ័ក្រ្ដ អាយុ៣០ឆ្នាំ ស្រុកកំណើតនៅខេត្តបាត់ដំបង។
ជនបង្កឈ្មោះ សុនវណ្ណា អាយុ៥០ឆ្នាំ ស្រុកកំណើតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើខេត្តកំពង់ចាម។
ក្រោយស្រាវជ្រាវ និងការសន្និដ្ឋានជំហានដំបូងនោះ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជាមនុស្សមានបញ្ហាសសៃប្រសាទ ប៉ុន្ដែទោះជាយ៉ាងណា សមត្ថកិច្ចនៅបន្ដការស្រាវជ្រាវបន្ថែមទៀត។
កម្លាំងនគរបាលជំនាញដែលដឹកនាំដោយ លោក សូ សុវណ្ណ បានចុះទៅទីតាំងកើតហេតុដើម្បីយកសពជនរងគ្រោះស្រាវជ្រាវបន្ដ ៕ ជីវន្ត