ខេត្តស្វាយរៀង៖ លោកម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសប្បុរសធម៌រួមមិត្ត លើកទី៤ នៅសាលាបឋមសិក្សា ហុ៑ន សែន សិរីវង្ស ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ ក៏មានអញ្ជើញការចូលរួមពីសំណាក់លោក ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀងលោកសាកលវិទ្យាធិការរង លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ សាកលវិទ្យាល័យស្វាយរៀង ព្រមទាំងសប្បុរសជន មកពីបណ្ដារាជធានី ខេត្ត ក្រុង លោកគណៈគ្របគ្រង នាយក លោកនាយករង សាលាអនុវិទ្យាល័យថ្នាធ្នង់ និងសាលាបឋមសិក្សា ហុ៑ន សែន សិរីវង្ស លោកតា លោកយាយ ក្មួយៗ សិស្សានុសិស្សប្រមាណ៥០០នាក់ផងដែរ ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថា ថ្ងៃនេះពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌រួមមិត្តលើកទី៤នៅសាលាបឋមសិក្សា ហុ៑ន សែន សិរីវង្ស ដែលរៀបចំដោយអគ្គនាយកដ្ឋានឧត្តមសិក្សាជាមួយសកលវិទ្យាល័យស្វាយរៀងនាពេលនេះ ក្នុងនាមអាជ្ញាធរខេត្តក្រុមប្រឹក្សាខេត្តសូមថ្លែងអំណរគុណលោកថ្នាក់ដឺកនាំក្រសួងជាពិសេសអគ្គនាយកដ្ឋានឧត្តមសិក្សា និងគ្រិះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជនថ្នាក់ដឺកនាំសាស្ត្រាចារ្យបុគ្គលិគមន្ត្រីរាជការ និងសប្បបុរសជនទាំងអស់ ដែលបានផ្ដួចផ្ដើមបង្កើតនូវកម្មវិធីដ៏មានសារៈសំខាន់នេះឡើងព្រមទាំងបានចំណាយពេលវេលាធនធានសម្ភារ ក៏ដូចជាថវិកាផងដែរ ។
លោកបន្តថា ជាការពិតណាស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឺកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខថ្នាក់ដឺកនាំដ៏ឆ្នើម បាននាំមកនូវសន្តិភាព ស្ថេភាពនយោបាយសណ្ដាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ប្រទេសជាតិ ។
ដោយឡែកវិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអទិភាពនានាសម្រាប់ចូលរួមលើកស្ទួយជិវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតឲ្យមានសាលារៀនដល់ទីជនបទដាច់ស្រយាលដើម្បីបង្ខិតឲ្យដល់គៀក និងប្រជាពលរដ្ឋផងដែរ។
លោកក៏បានលើកឡើងពីអត្ថន័យទិវា នៃក្ដីស្រឡាញ់ដោយទិវានេះ មិនមែនប្រភព ឬទំនៀមទំលាប់របស់ខ្មែរយើងទេ សម្រាប់ក្ដីស្រឡាញ់របស់ខ្មែរយើង គឺមានជានិច្ច ស្រឡាញ់របស់យើងចំពោះឪពុកម្ដាយ បងប្អូន គ្រួសារ សាច់ញាតិ មិត្តភក្តិ តាមរយៈអំពើល្អគ្រប់រូបភាព សកម្មភាពទាំងឡាយ ប្រកបដោយទឹកចិត្តជ្រះថ្លា ក្រមសីលធម៌ សេចក្ដីឧស្សាហ៍ព្យាយាម ខិតខំរៀនសូត្រ ហើយចំពោះការស្រឡាញ់ គឺមានគ្រប់វ័យ មិនមែនជាការបង្ហាញសម្រាប់តែយុវជននោះទេ ។
ក្នុងឱកាសនោះដែរ លោក ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តក៏ដូចជាសកលវិទ្យាល័យស្វាយរៀង ដែលបានសហការជាមួយអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាព្រមទាំងសប្បបុរសជនមកពីបណ្ដារាជធានីខេត្តក្រុង ដែលបានចំណាយពេលវេលាដ៏មានតំលៃចូលរួម និងបរិច្ចាគជាធនធានសម្ភារះក៏ដូចជាថវិកាផ្ទាល់ខ្លួនមិនខ្លាចនឿយហត់ ។
លោក ម៉ក់ ងយ ក៏បានជម្រុញដល់ចៅៗក្មួយៗ សិស្សានុសិស្សមកពីអនុវិទ្យាល័យថ្នាធ្នង់ និងសាលាបឋមសិក្សាហុ៑ន សែន សិរីវង្សទាំងអស់ត្រូវនិយាយថាទេចំពោះគ្រឿងញៀនព្រោះវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអាយុជីវិតរបស់យើងព្រោះវាជាបច្ច័យធ្វើឲ្យមានអំពើអសន្តិសុខសង្គមចោលួចចោប្លន់កើតឡើងដោយការប្រើប្រាស់គ្រឿងញៀននេះមិនតែប៉ុណ្ណោះ សូមក្មួយៗនាំគ្នាគោរពច្បាប់ចរាចរណ៍ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពដូចពាក្យស្លោក «ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ។
បន្ទាប់មកលោក ម៉ក់ ងយ និងលោក តូច ប៉ូលីវ៉ា ព្រមទាំងសប្បបុរសជន ក៏បានធ្វើពិធីចែកកង់ម្នាក់ៗមួយគ្រឿងដល់ប្អូនៗក្រីក្រទាំង៣០នាក់ និងចែកមួក សម្ភារសិក្សាមួយចំនួនដល់សិស្សសាលាទាំង២ និងលោកតាលោកយាយ ដែលបានចូលរួមផងដែរ ៕ យឹម សុថាន