ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូជាច្រើនគ្រឿងរអិលដួលក្បែរមន្ទីរកេតុមាលា ដោយសារកាកសំណល់ខ្លាញ់គោធ្លាក់លើទ្រូងថ្នល់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ជាអ្នកដឹកកាកសំណល់ខ្លាញ់គោបាយជ្រូក បានធ្វើឲ្យបែកធ្លាក់លើទ្រូងថ្នល់ ខណៈប្រជាពលរដ្ឋជាច្រើដែលកំពុងតែជិះម៉ូតូមកពីក្រោយ បណ្ដាលឲ្យរអិលដួលបន្តកន្ទុយគ្នា ជាច្រើនគ្រឿងនៅមុខមន្ទីរកេតុមាលា ប៉ុន្តែសំណាងល្អគ្រាន់តែរបួសរលាត់ដៃជើង ។ចំណែកអ្នកបើកម៉ូតូរ៊ឺម៉កដឹកបាយជ្រូកបន្តដំណើរទៅមុខបាត់ស្រមោលតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ដោយសារផ្លូវរអិលបណ្ដាលឲ្យដួលម៉ូតូបន្តបន្ទាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្បែរមន្ទីរកេតុមាលា តាមបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាកើតហេតុគេឃើញម៉ូតូរឺម៉ករបៀបដឹកធុងកាកសំណល់បាយជ្រូកមួយគ្រឿងបានបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៧ពីត្បូងមកជើង លុះមកដល់ចំណុចមុខមន្ទីរកេតុមាលា ស្រាប់តែធ្លាយធុងហូកាកសំណល់ខ្លាញ់គោប្រឡាក់តាមបណ្តោយផ្លូវនោះធ្វើឲ្យអ្នកដំណើរជាច្រើននាក់ដែលជិះម៉ូតូចំនឹងកាកសំណល់នោះត្រូវរអិលដួលជាបន្តបន្ទាប់ធ្វើខូចខាតម៉ូតូនិងរបួសរលាត់ដៃជើងតែម្តង ។ ប្រភពព័ត៌មានបានបន្តទៀតថា ដោយឡែកអ្នកបើកម៉ូតូរឺម៉កដឹកបាយជ្រូករូបនោះប្រហែលជាមិនបានដឹងថាធុងដែលដាក់កាកសំណល់ខ្លាញ់ស៊ុបគោនោះត្រូវបានបែកធ្លាយនោះទេគឺបើកធ្វើដំណើរទៅមុខបាត់ទៅ ។

ក្រោយកើតហេតុដោយសារប្រជាពលរដ្ឋនៅក្បែរនោះ ឃើញហេតុការណ៍គ្រោះថ្នាក់នោះចេះតែច្រើនឡើង ទើបពួកគាត់នាំគ្នាបាញ់ទឹកលាងថ្នល់ខ្លះ ក៏ដូចជាយកដីខ្សាច់មកជេះលើកន្លែងដែលប្រឡាក់ខ្លាញ់នោះ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់តទៅទៀត ៕ ស តារា


ចែករំលែក៖