ខេត្តពោធិ៍សាត់: នគរបាលយុត្តិធម៌ស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី ក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ត្រាក្លែង លើពាក្យសុំកាន់កាប់ដីធ្លី រួមទាំង បង្កាន់ដៃទទួលពាក្យរបស់ភូមិបាលស្រុកវាលវែង។
លោកវរសេនីយទោ ធាង ទ្បេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹង ថា កាលពីថ្ងៃសៅរ៍១០រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងទី១០ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៥ ល្ងាច ជនសង្ស័យមានឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខងារជាប្រធានការិយាល័យលទ្ធកម្ម នៃសាលាស្រុកវាលវែង រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។
លោក អធិការនគរបាលស្រុកវាលវែងឲ្យដឹងទៀតថា ជននេះ បានប្រពឹត្តបទល្មើសបែបនេះ តាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១៧ និងថែមទាំងបានយកថ្លៃកម្រៃសេវា លើការធ្វើឯកសារទាំងនោះខុសគោលការណ៍ទៀតផង ។
មកដល់ពេលនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមបទបញ្ជារបស់លោក ម៉ៅ ធនិន ជាអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមច្បាប់ ៕ ប៉ឹម ពិន