ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុងល្បឿន​លឿន បុក​រះ​ម៉ូតូ​និងរថយន្តបណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី៤នាក់ រងរបួស​ធ្ងន់​ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រី៤នាក់ បានដេកដួលលើថ្នល់សន្លប់ស្តូកស្ដឹង ខណៈដែលបុរសម្នាក់បើកបរម៉ូតូខ្វៈការប្រុងប្រយ័ត្ន​ ក្នុងល្បឿន​លឿន ទៅបុក​រះ​ម៉ូតូ​និងរថយន្ត បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី៤នាក់ រងរបួស​ធ្ងន់​ស្រាលតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា​ម៉ោង១២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ​ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​និង​ផ្លូវ២០០៤ ស្ថិតក្នុង​សង្កាត់​កា​កាប​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ១២៥ ស៊េរី០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1G-0835 បើកបរ​តាមបណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះជិះមកដល់​ចំណុចកើតហេតុ ជា ចំណុច​ផ្លូវបំបែក ដោយ​គ្រប់គ្រង​ល្បឿន​ម៉ូតូ​ខ្លួនឯង​មិនបាន ក៏​បុក​រះ រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6079 បើកបរ​ដោយ​ស្ត្រី​ម្នាក់ និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2CE-8815 ពេល​កំពុង​ឆ្លងផ្លូវ បណ្តាល​ឲ្យ​បើកបរ ម៉ូតូ​បង្ក រងរបួសធ្ងន់រហូត​សន្លប់​ស្តូកស្តឹង និង​ភាគីម៉ូតូ​រងគ្រោះ បណ្ដាលឲ្យនារី​ម្នាក់​រួម​ដំណើរពីក្រោយ​រងរបួស​បាក់ជើង​ខាងស្តាំ និង​អ្នកម្នាក់ទៀត​របួសស្រាល ។ ភ្លាមនោះដែលជនរងគ្រោះនិងជនបង្កហេតុ​ទាំង៤នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​យកទៅ​សង្គ្រោះ នៅឯ​គ្លីនិក​សម្ភព​រស្មីផងដែរ ។

ក្រោយកើតហេតុម៉ូតូ​ទាំង២គ្រឿង រួមទាំង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច ជំនាញ​ចុះ​ធ្វើការ វាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នាតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖