ព័ត៌មានទាន់ហេតុការណ៍៖

បាត់ម៉ូតូរ៉ឺម៉កស្រាប់តែទៅរកឃើញនៅបរិវេណសាលាសង្កាត់ចោមចៅ៣

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ត្រីជាថៅកែលក់មីនាងសិលាម្នាក់ បានរត់មកប៉ុស្តិ៍នគរបាលចោមចៅ៣សួរកអ្នកជិះម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ ខណៈចតទុកនៅខាងមុខផ្ទះ សម្រាប់ដឹកថ្មមីនាងសិលា ស្រាប់តែមានជនមិនស្គាល់មុខមកជិះហើយយកមកទុកនៅប៉ុស្តិ៍ហើយគេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខធូ ធូ មីនាងសិលា តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីម្ចាស់ហាងបានឲ្យដឹងថា មុនពេលកើតហេតុកូនចៅរបស់គាត់បានបើកម៉ូតូសណ្តោយរ៉ឺម៉កចតទុកនៅមុខហាងសម្រាប់ទុកដឹកមីនាងសិលាយកទៅដាក់ឲ្យម៉ូយ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់មិនដឹងដើរមកពីណាក៏ឡើងជិះគេចខ្លួនភ្លាមនោះរូបគាត់ក៏បានស្រែកថាចោរៗនិងរត់តាមក្រោយ។

សាក្សីដដែលបានបន្តថា ពេលនោះដោយសារតែគាត់តាមមិនទាន់ទើបរត់មកប្តឹង សមត្ថកិច្ចឲ្យជួយអន្តរាគន៍ ខណៈមកដល់ប៉ុស្តិ៍ស្រាប់តែឃើញម៉ូតូសណ្តោងរ៉ឺម៉កនៅក្នុងបរិវេណសាលាសង្កាត់ចោមចៅ៣ តែជនសង្ស័យបានគេចខ្លួនបាត់។

ក្រោយមកសមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់យកទៅវិញ ដោយមិនមានការប្តឹងផ្តល់នោះទេ ដោយសង្ស័យថាជនសង្ស័យជាមនុស្សបែកថ្នាំ ៕ សុខាសែនជ័យ


ចែករំលែក៖